ភ្នំពេញ ÷ រថយន្តLexus570 ពាក់ផ្លាកលេខ ខេមរភូមិន្ទមួយគ្រឿង បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុ.ករថយន្តផច បើកឆ្លងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តបង្ករងការខូចខាតខ្ទេ.ច មួយកំណាត់មុខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរ បានកើតឡើង កាលពីវេលាម៉ោង ១១ និង៣០ នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកផច ស៊េរីទំនើបពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2M-4455 បើកបរក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនមធ្យម លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្តុបបឹងកក់ ស្រាប់តែមានរថយន្ត ម៉ាក Lexus570ពណ៌ខ្មៅ ពាក់ផ្លាកលេខ ខេមរភូមិន្ទ 01 2-0817 បើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ពេលដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុ.ករថយន្តម៉ាកផច ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្ត Lexus 570 រងការខូចខាតមួយកំណាត់មុខទាំងស្រុង ចំណែករថយន្តម៉ាកផច រងការខូចខាតផ្នែកមួយចំហៀង ខាងស្តាំយ៉ាងធ្ងន់ធ្ងរ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចបានឲ្យភាគីទាំងពីរ សម្របសម្រួលគ្នា តែមិនត្រូវ សមត្ថកិច្ចប្រគល់តួនាទីនេះ ទៅឲ្យជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែង យករថយន្តស្ទូច មកស្ទូចយករថយន្ដទាំងពីរគ្រឿង ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដំណោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត















