ភ្នំពេញ ៖ ក្នុងការប្រកួតកីឡានីមួយៗ មិនមែនឱ្យតែខំប្រឹង គឺទទួលបានជោគជ័យគ្រប់ការប្រកួតនោះទេ កីឡាករខ្លះ ខំប្រឹងស្ទើរស្លាប់ស្ទើររស់ទៅហើយ នៅតែមិនទទួលបានជោគជ័យទៀត, ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការប្រកួតយកឈ្នះលើវិញ្ញាសាអ្វីមួយ មិនស្ថិតនៅលើការប្រឹងប្រែង ព្យាយាម ប៉ុណ្ណោះទេ គឺត្រូវពឹងលើ ទេពកោសល្យ និងបទពិសោធន៍។

នេះជាការលើកឡើង របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគ្រាអញ្ជើញជាអធិបតីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតកីឡា ប៉េតង់ នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១, ពិធីប្រគល់រង្វាន់ត្រូវបានធ្វើឡើង នាព្រឹក ថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា ការចេញប្រកួតរបស់កីឡាករ កីឡាការិនី គឺជាតំណាងឱ្យប្រជាពលរដ្ឋខ្មែរទាំង ១៦លាននាក់, អាស្រ័យហេតុនេះហើយ ខ្ញុំតែងតែទូន្មាន និងអប់រំ ដល់កីឡាករ កីឡាការិនី ពេលចេញប្រកួត ត្រូវរក្សាភាពថ្លៃថ្នូរ និងគោរពលក្ខន្តិកៈការប្រកួត។ ខ្ញុំចាត់ទុកការដណ្តើមបានមេដាយមាសពិភពលោក លើវិញ្ញាសាកីឡាប៉េតង់ របស់កីឡាការិនី អ៊ុក ស្រីមុំ ក៏ដូចជាកីឡាករ កីឡាការិនីដទៃទៀត ជាកិត្តិយសរបស់ជាតិទាំងមូល។

ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាដណ្តើមបានមេដាយមាសពិភពលោក លើកីឡាប៉េតង់ ៥សម័យកាលជាប់គ្នា, គឺ ៤សម័យកាល ដណ្តើមបានដោយកីឡាការិនី កែ ឡេង និង ១សម័យកាល ដណ្ដើមបានដោយកីឡារិនី អ៊ុក ស្រីមុំ។ កីឡាការិនី អ៊ុក ស្រីមុំ បានបន្ថែមកំណត់ត្រាពិភពលោកថ្មីមួយទៀត បន្ដតំណែងពីវីរកីឡាការិនី កែ ឡេង ក្រោយដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២១ នៅប្រទេសអេស្ប៉ាញ លើវិញ្ញាសាវាយយកពិន្ទុ (ផ្នែកនារី) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ហាក់ជារឿងចម្លែកលើកីឡាប៊ូល ឬប៉េតង់នេះដែរ ខណៈប្រទេសជាអ្នកបង្កើតកីឡា គឺបារាំង បែរជាចាញ់បណ្តាប្រទេសនៅអាស៊ី។ សម្រាប់កម្ពុជាវិញ គឺទទួលបានមេដាយលើកីឡាប៊ូល និងប៉េតង់ សរុប ៣៧០។ ក្នុងនោះមេដាយ មាស១០៨ ប្រាក់១៣១ និងសំរឹទ្ធ១៣១៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
















