ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ ជនជាប់ចោទជនជាតិចិនម្នាក់ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅក្រោយសណ្ឋាគារជីទូ ក្នុងសង្តាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២០ ។
លោក ឆាម ចន្ទ័ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទខាងលើមាន ឈ្មោះ យ៉ុង មីង ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិចិន ។
ជនជាប់ចោទជនជាតិចិនរូបនេះ ត្រូវបានជាប់ចោទពីបទ: ជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ ស្តីពីច្បាប់ការគ្រប់គ្រងគ្រឿងញៀន។

ជនជាប់ចោទឈ្មោះ យ៉ុង មីង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២០ នៅក្រោយសណ្ឋាគារជីទូ ស្ថិតក្នុងសង្កាត់ចតុមុខ ខណដូនពេញ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន រឹបអូសបានថ្នាំញៀនប្រភេទម៉ាទឹកក ៦ បព្ចាប ទម្ងន់ ២៤,០៣ ក្រាម។
សំណុំរឿងនេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកពេល ប្រកាសសាលក្រម នៅថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០២២៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

