ភ្នំពេញ ៖សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នេះ បានបើកសវនាការ ជំនុំជម្រះ លើសំណុំរឿងអតីតយោធាផ្កាយ២ ម្នាក់នឹងគូកន ជាប់ ពាក់ព័ន្ធនឹងបណ្តឹងបរិហាបង្កាច់កេរ្តិ៍ ដែលត្រូវបានប្តឹងផ្តល់ ដោយពាណិជ្ជករម្នាក់ ដែលជាអតីតដៃគូ រកស៊ីជាមួយគ្នា ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០២០។
លោកចៅក្រមធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ជនជាប់ចោទទាំង២នាក់ខាងលើនេះ មានឈ្មោះ សូយ ចាន់សឿន ភេទប្រុស អាយុ៤៥ ឆ្នាំ អតីតយោធាផ្កាយ២ មានទីលំនៅផ្ទះលេខ៣១០អឺ០ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (កំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ)។ និងម្នាក់ទៀតឈ្មោះ សូ បិនឡា ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំណែកឯ ភាគីដើមចោទ មានឈ្មោះ កើត ខេង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាអាជីវករ នៅរាជធានីភ្នំពេញ ។
ជនជាប់ចោទទាំង២ ត្រូវបានជាប់ចោទពីបទ: បរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ ដែលបទល្មើសនេះ មានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រ ៣១១ នឹងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ ។
យោងតាមពាក្យបណ្តឹងរបស់ភាគីដើមបណ្ដឹង បានឱ្យដឹងថា នៅក្នុងអំឡុងឆ្នាំ២០២០ ឈ្មោះ សូយ ចាន់សឿន និងឈ្មោះ សូ បិនឡា បានប្តឹង ឈ្មោះ កើត ខេង និងឈ្មោះ ជា ឡង់ឌី ពីបទ : ឆបោក និងក្លែងលិខិតសាធារណៈ ហើយពាក្យបណ្តឹងនោះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបអង្កេតតាមនីតិវិធី ដោយរកមិនឃើញមានបទល្មើស ដូចតាមការចោទប្រកាន់នោះ ទើបតំណាងអយ្យ ការសម្រេចតម្កល់ទុកឥតចាត់ការ។

តែជនជាប់ចោទទាំង២នាក់ នាពេលនោះ ដោយអាងអំណាចខ្លួន ជាមន្ត្រីយោធា ជាន់ខ្ពស់ផងនោះ បានបន្តប្តឹង ឈ្មោះកើត ខេង ទៅកាន់មហាអយ្យការអមសាលាឧទ្ធរណ៍ រាជធានីភ្នំពេញទៀត។ តែតំណាងអយ្យការ បានសម្រេច មិនចាត់ការ និងតម្កល់ សេចក្ដីសម្រេចរបស់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដដែល។
ដោយផ្អែកទៅលើទង្វើរបស់ជនឈ្មោះ សូយ ចាន់សឿន និង សូ បិនឡា បានឃុបឃិតគ្នាប្តឹងលោក កើត ខេង គ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានឯកសារគ្រប់គ្រាន់ ជាតឹកតាងសម្រាប់បង្ហាញជូនស្ថាប័នអយ្យការនោះ ទើបឈ្មោះ កើត ខេង កើតទុក្ខមិនសុខចិត្ត និង សម្រេចប្តឹងបកវិញ ប្រឆាំងនឹង ឈ្មោះ សូយ ចាន់សឿន និងឈ្មោះ សូ បិនឡា ពីបទ បរិហារបង្កាច់កេរ្តិ៍។
គួររំលឹកថា ក្រៅសំណុំរឿងក្តីខាងលើនេះ, ជនជាប់ចោទ ឈ្មោះ សូយ ចាន់សឿន នៅជាប់បណ្តឹងជាច្រើនករណីទៀត ដែលតុលាការរាជធានី ខេត្ត នឹងលើកយកមកបើកសវនាការជាបន្តបន្ទាប់ ។
ចំពោះសំណុំរឿងដែលលេចធ្លោ និង ល្បីល្បាញជាងគេនោះ គឺបណ្តឹងរបស់ស្ត្រីរងគ្រោះម្នាក់ ឈ្មោះ ឌួង ហេម៉ាលីស ដែលត្រូវជាអតីតគូស្នេហ៍របស់គាត់ ដែលប្តឹង គាត់ពីបទ« ហិង្សាដោយ មានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់ » ដែលអាចប្រឈមនឹងការ ជាប់ពន្ធនាគារចន្លោះពី ឆ្នាំ ២ ទៅ ៥ ឆ្នាំ ប្រសិនបើតុលាការរកឃើញ ពីរុទ្ធភាព។
សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម លើសំណុំរឿងក្តីខាងលើនេះ នៅព្រឹកថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២២៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

