ភ្នំពេញ ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល (Digital Government Cooperation Center – DGCC) និងបើកវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំដំណើរការ លំហូរការងារសម្រាប់អភិវឌ្ឍប្រព័ន្ធឌីជីថល នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។

DGCC ជាមជ្ឈមណ្ឌលសម្រាប់ការគាំទ្រ គម្រោងសហប្រតិបត្តិការឌីជីថល រួមរវាងកម្ពុជានិងកូរ៉េ ផ្ដល់ការប្រឹក្សាយោបល់ ក្នុងការរៀបចំគោលនយោបាយ និងការកសាងសមត្ថភាព ជាពិសេសការចែករំលែក បទពិសោធរដ្ឋាភិបាលឌីជីថលកូរ៉េ តាមរយៈការរៀបចំព្រឹត្តិការណ៍ វេទិការដ្ឋាភិបាលឌីជីថល និងសិក្ខាសាលាផ្សេងៗទៀត។
គម្រោងរបស់ DGCC ជាផ្នែកមួយនៃការគាំទ្រការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលកំពុងស្នើសុំការអនុម័តពីរាជរដ្ឋាភិបាល ក្នុងគោលដៅកសាងរដ្ឋាភិបាលឆ្លាត ដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាឌីជីថល ដែលជាប្រព័ន្ធអេកូឡូស៊ី សម្រាប់ការធ្វើទំនើបកម្ម ប្រព័ន្ធអភិបាលកិច្ច និងការបង្កើតបរិយាកាសអំណោយផល ក្នុងការជំរុញសេដ្ឋកិច្ច និងសង្គមឌីជីថល ប្រកបដោយបរិយាបន្ន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





