ភ្នំពេញ ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី៥ខែមករាឆ្នាំ២០២២នេះ បានឲ្យដឹងថា ការដែលអាចយល់ដឹងអំពីផលប៉ះពាល់ដែលអាចកើតមាន នៃគ្រោះមហន្តរាយដល់សេដ្ឋកិច្ច គឺមានសារៈសំខាន់ក្នុងការរៀបចំគោលនយោបាយ ដើម្បីឆ្លើយតបទៅនឹងបញ្ហា។
តាមរយៈកម្មវិធីមូលនិធិសម្រាប់ប្រព័ន្ធភាពធន់របស់អូស្ត្រាលី នាពេលថ្មីៗនេះ យូអិនឌីភី បានផ្តល់វគ្គបណ្តុះបណ្តាលអំពី រូបមន្ត Computable General Equilibrium (CGE) Modeling ដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះបានកសាងសមត្ថភាពស្ថាប័នរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច រួមទាំងវិបត្តិដែលកើតមានដោយសារជំងឺកូវីដ-១៩ផងដែរ ក្នុងពេលដែលយើងគាំទ្រដល់ការគាំពារសង្គម។
ថ្មីៗនេះ លោកស្រី Sharon Ben-Porat លេខាទីពីររបស់ស្ថានទូតអូស្ត្រាលី បានចូលរួមជាមួយ យូអិនឌីភី និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់កម្ពុជា ដើម្បីអបអរដល់មន្ត្រីរដ្ឋាភិបាលចំនួន ២៤ រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះដោយជោគជ័យ។

លោកស្រី Ben-Porat បានមានប្រសាសន៍ថា “ធនធានមនុស្សមានសារៈសំខាន់សម្រាប់ការស្តារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ។ ការបណ្តុះបណ្តាល CGE នេះ ជាលំហាត់ពង្រឹងសមត្ថភាពពិសេស ផ្តល់ជំនាញដែលអាចផ្ទេរបានក្នុងរយៈពេលវែង ដើម្បីកំណត់បញ្ហា ដោះស្រាយបញ្ហា និងបង្កើតគោលនយោបាយប្រកបដោយព័ត៌មានពេញលេញ។ ជាមួយនឹងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច វានៅមានកន្លែងសម្រាប់គំរូ CGE ដើម្បីដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតការយល់ដឹងពីការវិភាគទិន្នន័យ ដែលអាចចង្អុលបង្ហាញដល់រដ្ឋាភិបាល ឧស្សាហកម្ម និងវិស័យផ្សេងៗ អំពីរបៀបដោះស្រាយបញ្ហាស្មុគស្មាញរបស់សេដ្ឋកិច្ចសង្គម”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

