បាត់ដំបង ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាព សម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការ កំណាត់ផ្លូវប្រវែង៨៤,៧៤គីឡូម៉ែត្រ នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ៥ (បាត់ដំបង-សីរីសោភ័ណ្ឌ) ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលជប៉ុន នៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។

នៅព្រឹកថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្ដីពី កិច្ចការពារសន្តិសុខសុវត្ថិភាពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំ ដែលអញ្ជើ ញ ចូលរួមក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវកំណត់ផ្លូវប្រវែង៨៤,៧៤គីឡូម៉ែត្រ ផ្លូវជាតិលេខ ៥ (បាត់ ដំបង-សេរីសោភ័ណ្ឌ) ស្ថិតនៅភូមិសាស្ត្រ ខេត្តបាត់ដំបង នាថ្ងៃទី១០ខែ មករា ឆ្នាំ ២០២២ ខាងមុខនេះ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានក្រើនរំលឹក ដល់នគរបាលជំនាញពាក់ព័ន្ធទាំងអស់ ត្រូវមានការសហការខ្ពស់ ជាមួយបញ្ជាការដ្ឋានអង្ករក្ស ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនសម្តេចទាំងពីរ។ ជាពិសេសការធ្វើចរាចរណ៍ និងការពន្លាយកម្លាំង ត្រូវមានសណ្តាប់ធ្នាប់និងរបៀបរៀបរយ ចាប់ពីចំណតយន្តហោះ រហូតដល់វេទិកា ពិធី ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់តាមផែនការដែលបានរៀបចំទុក។
ជាចុងក្រោយ ឧត្តមសេនីយ៍ទោស្នងការ បានផ្តាំផ្ញើរដល់លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង អនុប្រធានផែន នាយការិយាល័យ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក អធិការនគរបាលក្រុង ស្រុកពាក់ព័ន្ធដែលមានឈ្មោះក្នុងផែនការ ត្រូវធ្វើការត្រួតពិនិត្យកម្លាំងក្នុងផែនរបស់ខ្លួន ដែលមានជាក់ស្តែង ជៀសវាងការអវត្តមានក្នុងករណីណាមួយ និងត្រូវបំពេញកាតព្វកិច្ច ដែលថ្នាក់លើដាក់ជូនឲ្យមានប្រសិទ្ធិភាពខ្ពស់៕ រក្សាសិទ្ធិដោយ ៖សុទ្ធ លី












