ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្ត lexus RX300 មួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតឡើងសួនផ្លូវ ជ្រុលទៅបុ.កបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យបា.ក់មួយដើម។
សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករាឆ្នាំ ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកLexus RX300 ពណ៌សមួយគ្រឿង បានបិទផ្លាកលេខបើកបរតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតរថយន្តឡើងលើសួនផ្លូវ រួចបន្តទៅបុ.កបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម យ៉ាងពេញទំហឹង បណ្ដាលឲ្យបា.ក់រាបដល់ដី ហើយសំណាងល្អ មិនមាននរណាម្នាក់ រងរបួសគ្រោះថ្នាក់នោះទេ រកការខូចខាតតែរថយន្តបង្ក និងបង្គោលភ្លើងមួយដើម ជាទ្រព្យសម្បត្តិរដ្ឋតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត



