Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ , រដ្ឋាភិបាលកម្ពុជា ប្រកាសបន្តផ្ដល់ជំនួយម៉ាស ចំនួន៣.២លាន និងសម្ភារៈវេជ្ជសាស្ត្រ ដល់មីយ៉ាន់ម៉ា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសបន្តផ្ដល់ជំនួយម៉ាសជាង៣.២លាន និងសម្ភារៈយុទ្ធសាស្ត្រ ដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា នៅក្នុងដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសសមាជិកអាស៊ានមួយនេះ នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ។

ជំនួយរបស់កម្ពុជាលើកទី៣នេះរួមមានដូចតទៅ ៖ ម៉ាស ចំនួន៣លាន , ម៉ាស់ N95 ចំនួន២សែន , វែនតាការពារ ចំនួន១សែន , សម្លៀកបំពាក់ការពារសុវត្ថិភាព ចំនួន៣ម៉ឺន , របាំងការពារមុខ ចំនួន៣ម៉ឺន , ស្បែកជើងវែងចំនួន ៣ពាន់សម្រាប់ , ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន៥០គ្រឿង , ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន៥០ គ្រឿង , ម៉ាស៊ីនផ្ដល់អុកស៊ីសែនស្វ័យប្រវត្តិ ចំនួន៥០គ្រឿង។

នេះជាលើកទី៣ហើយ ដែលរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈដែលប្រទេសនេះ កំពុងមានវិបត្តិនយោបាយ និងជួបភាពវឹកវរ ក្រោយមានរដ្ឋប្រហារទម្លាក់លោកស្រី អោង សានស៊ូជីចេញពីតំណែង កាលពីខែកុម្ភៈ ឆ្នាំ២០២១។

ជំនួយលើកទី១ បានផ្តល់ទៅមីយ៉ាន់ម៉ានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ រួមមាន៖ ម៉ាសជាង ២លាន និងបរិក្ខារពេទ្យមួយចំនួនទៀត។

ជំនួយលើកទី២ ត្រូវបានផ្តល់ទៅមីយ៉ាន់ម៉ានៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ រួមមាន៖ ថវិកា ២០ម៉ឺនដុល្លារ និងបរិក្ខារពេទ្យមួយចំនួនទៀត រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដាំរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។

កាលពីខែសីហា ឆ្នាំ២០២១នោះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកា ១០ម៉ឺនដុល្លារទៅកាន់កាកបាទក្រហមមីយ៉ាន់ម៉ាផងដែរ។

សូមបញ្ជាក់ដែរថា សម្ដេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៧ ខែមករា ស្អែកនេះ ដើម្បីសម្របសម្រួលដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងពង្រឹងមជ្ឈភាពរបស់អាស៊ាន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×