Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជនមានការងឿងឆ្ងល់ថា សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹងអំពីទីតាំងផលិតបារីក្លែងក្លាយតាមរយៈអ្នកប្ដឹង ហេតុអ្វីស្រាវជ្រាវដល់ជាងមួយឆ្នាំទើបបង្ក្រាប?!

ភ្នំពេញ ៖ មហាជនបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថា រោងចក្របារី “ហុងអន្តរជាតិ ” បានដំណើរការផលិតបារីក្លែងក្លាយខុសច្បាប់ម៉ាក ហ្សិត (JET) និង ៥៥៥ បានយូររាប់ឆ្នាំ ទើបសមត្ថកិច្ចទទួលបានពាក្យបណ្ដឹង និងស្រាវជ្រាវចុះបង្ក្រាប ដោយមុននេះ រោងចក្រផលិតបារីក្លែងក្លាយម៉ាក ហ្សិត (JET) និង ៥៥៥ នេះ ប្រមូលលុយពីអំពើទុច្ចរិតមិនស្ទើរនោះទេ, ជាក់ស្ដែង នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ កម្លាំងចម្រុះ ដោយមានកិច្ចសហការពីមន្ត្រីតុលាការរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យឆែកឆេររោងចក្របារី ” ហុងអន្តរជាតិ ” ដោយបានរកឃើញសម្ភារៈវត្ថុតាងជាច្រើន ពាក់ព័ន្ធទៅនឹងការផលិត វេចខ្ចប់ ចែកចាយបារីម៉ាក ហ្សិត (JET) ក្លែងក្លាយ និងបារីម៉ាក ៥៥៥ក្លែងក្លាយ មួយចំនួនធំ។

មហាជនងឿងឆ្ងល់ត្រង់ថា មន្ត្រីសមត្ថភាពខ្លួនឯងបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានទទួលពាក្យបណ្ដឹងថា មានការចរាចរណ៍ផលិតផលបារីម៉ាក JET ក្លែងក្លាយ នៅព្រះរាជាណាចក្រកម្ពុជា ហើយនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត មានរយ:ពេលដល់ទៅជាងមួយឆ្នាំឯណោះ, ក្នុងពាក្យបណ្ដឹងនោះអ្នកប្ដឹងគេបានបញ្ជាក់ពីទីតាំងរួចទៅហើយ ចុះហេតុអ្វីក៏ការស្រាវជ្រាវរបស់សមត្ថកិច្ចទុកដល់ទៅជាងមួយឆ្នាំ ឬក៏រវល់ចរចា កិច្ចការផ្សេងៗ មិនទាន់ត្រូវគ្នា ទើបពេលនេះចាប់ផ្ដើមបង្ក្រាប (នេះជាការងឿងឆ្ងល់របស់មហាជន)។

សមត្ថកិច្ចបានបញ្ជាក់យ៉ាងច្បាស់ថា ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានស្រាវជ្រាវ និងស៊ើបអង្កេត អស់រយៈពេលជាង១ឆ្នាំ, នឹងរៀបរាប់ពីដំណើររឿង ដែលឈានទៅដល់ការបង្ក្រាបដល់ រោងចក្របារី ” ហុងអន្តរជាតិ ” នេះថា មកដល់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤៖៤៥នាទី កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន បានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2J-5930 នៅក្នុងចំណតរថយន្តដឹកទំនិញ (ជិតម្ដុំស្ដុបកោសដូង) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយសង្ស័យដឹកជញ្ជូនបារីម៉ាក JET ក្លែងក្លាយ ។

ក្រោយពីការពិនិត្យជាក់ស្ដែង សមត្ថកិច្ចបានរកឃើញបារីម៉ាក JET ក្លែងក្លាយ ចំនួន ៤៧ប៊ិច។ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចក៏បាននាំយករថយន្ត និងអ្នកបើកបរឈ្មោះ នៀ ណារិន ភេទប្រុស អាយុ៣៨ឆ្នាំ ត្រឡប់ទៅទីតាំងដើមដែលដឹកបារីទាំងនោះចេញ ស្ថិតនៅរោងចក្របារី ” ហុង អន្តរជាតិ ” ផ្លូវអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លុះព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨និង៥០នាទីព្រឹក សមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលនីតិវិធីពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបន្តនីតិវិធីចុះត្រួតពិនិត្យឆែកឆេររោងចក្របារី ” ហុង អន្តរជាតិ ” ជាក់ស្ដែងតែម្ដង។ ក្នុងប្រតិបត្តិការឆែកឆេរត្រួតពិនិត្យជាក់ស្ដែងនេះ សមត្ថកិច្ចបានរកឃើញនូវសម្ភារៈវត្ថុតាងជាច្រើនដែលមានការពាក់ព័ន្ធទៅនឹងការផលិត វេចខ្ចប់ ចែកចាយបារីម៉ាក ហ្សិត (JET) ក្លែងក្លាយ និងបារីម៉ាក ៥៥៥ ក្លែងក្លាយ មួយចំនួនធំ នៅក្នុងឃ្លាំង, និងបានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងខាងលើ ឈ្មោះ ង៉ូវ ម៉ុក ភេទស្រី , ចំណែកឈ្មោះ ង៉ូវ ស្រ៊ុន ភេទប្រុស ដែលពាក់ព័ន្ធជាម្ចាស់អើយរោងចក្រនេះដែរនោះ កំពុងរត់គេចខ្លួន។

វត្ថុតាំងទាំងនោះ មានដូចជា ៖
១- បារីម៉ាក JET វេចខ្ចប់រួច ចំនួន ៤៧ប៊ិច,
២- សម្បកកញ្ចប់បារី JET ចំនួន ២០០,២៣០សន្លឹក ស្មើ៩៩៥ គីឡូក្រាម
៣- សម្បកសុងបារី JET ចំនួន ១៦,៥០០សន្លឹក ស្មើ១៨០គីឡូក្រាម
៤- កន្ទុយស្នោបារី ចំនួន ៣៨០កេស ស្មើ ៧,៦០០គីឡូក្រាម
៥- តែមប្រិ៍ BAT ចំនួន ២,០៥៧សន្លឹក
៦- តែម VN DUTY NOT PAID ចំនួន ២,៨០៨សន្លឹក
៧- រថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ផ្លាកលេខ ភ្នំពេញ 2J-5938, ព្រមទាំងសម្ភារៈពាក់ព័ន្ធជាច្រើនទៀត។

ក្រោយពីធ្វើការត្រួតពិនិត្យរួច តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យសមត្ថកិច្ចចម្រុះ ធ្វើការដកហូតសម្ភារៈខាងលើ យកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅឯនាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងធ្វើការបិទប្លុំបេទ្វារឃ្លាំង និងច្រកចេញចូល នៃទីតាំងរោងចក្រផលិតបារីក្លែងក្លាយខាងលើ ជាបណ្ដោះអាសន្ន, និងបានឃាត់ខ្លួនម្ចាស់ទីតាំងខាងលើ ឈ្មោះ ង៉ូវ ម៉ុក ភេទស្រី បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់, ចំណែកអ្នករត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកបន្ត។

មហាជនលើកឡើងថា ការបង្ក្រាបនេះ គឺជាស្នាដៃដ៏ល្អប្រពៃមួយរបស់សមត្ថកិច្ចដើម្បីធ្វើឲ្យការប្រកួតប្រជែងពាណិជ្ជកម្មមានភាពយុត្តិធម៌ ជាពិសេស លុបបំបាត់ផលិតផលក្លែងក្លាយ, ប៉ុន្តែ អ្វីដែលមហាជនងឿងឆ្ងល់យ៉ាងខ្លាំងនោះ គឺសមត្ថកិច្ចបានដឹងរឿងនេះជាងមួយឆ្នាំហើយ ព្រោះអ្នកប្ដឹងបានបញ្ជាក់អំពីទីតាំង និងសកម្មភាពផ្សេងៗរួចអស់ទៅហើយ ហេតុអ្វីក៏ទុកពេលស្រាវជ្រាវរហូតដល់ជាងមួយឆ្នាំទើបត្រូវបង្ក្រាបទៅវិញ? ឬមួយទុកពេលចរចាគ្នារឿងបង្អែមសិន?៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×