ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណកម្មាធិការជាតិ ថ្ងៃទី៦ ខែមករានេះ បានអញ្ជើញត្រួតពិនិត្យសំណង់អាគារកម្ពស់១៨ជាន់ របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជួបសំណេះសំណាល ទ័ពមួកត្រៀមបញ្ជូនបំពេញបេសកកម្ម នៅប្រទេសលីបង់ និងសាធារណៈអាហ្វ្រឹកកណ្តាល។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា ទ័ពមួកខៀវកម្ពុជា មានគុណសម្បត្តិ៤យ៉ាងធ្វើឲ្យកម្ពុជាទទួលការគាំទ្រពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសលើឆាក់អន្តរជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានគណកម្មាធិការជាតិសម្របសម្រួល បញ្ជូនកងកម្លាំងរក្សាសន្តិភាព ថ្លែងថា គុណសម្បត្តិ៤យ៉ាង ដែលទ័ពមួកខៀវធ្វើបាននាពេលកន្លងមក និងបានធ្វើអោយកម្ពុជា ជាប្រទេសគំរូបណ្តាប្រទេសលើឆាកអន្តរជាតិនោះ ទី១ គ្រប់ទ័ពមួកខៀវកម្ពុជា មានការស្ម័គ្រចិត្តចូលរួមរក្សាសន្តិភាព នៅក្រៅប្រទេសដោយមិនមាន ការបង្ខិតបង្ខំ ទី២ មានសាមគ្គីភាពល្អ ទី៣ ហ៊ានពលីកម្ម ដើម្បីបុព្វហេតុសន្តិភាពពិភពលោក និងទី៤ សេចក្តីក្លាហាន របស់កងទ័ពមួកខៀវកម្ពុជា ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថ្លែងថា ក្នុងរយៈពេល១៦ឆ្នាំនេះ ពោលគិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិ បានបញ្ជូនកងកម្លាំងសរុបចំនួន ៧៨៩៩នាក់ ក្នុងនោះមាននារីចំនួន៥២៨នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩មានជាអាទិ៍៖ ស៊ូដង់ ឆាដ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល និងយេមែន ។

ឯកឧត្តម សែម សុវណ្ណនី បញ្ជាក់ថា នៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២នេះកម្ពុជា មានកងទ័ពមួកខៀវ ចំនួនជិត៨០០នាក់ កំពុងបំពេញបេសកករក្សាសន្តិភាព នៅតាមបណ្តាប្រទេសចំនួន៤រួមមាន៖ ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្តាល និងប្រទេសម៉ាលី ហើយតាមរយៈ ចំនួននេះបានធ្វើឲ្យកម្ពុជាទទួលបានលំដាប់លេខទី១៣ លើ១២២ប្រទេសបរិច្ចាគកម្លាំង និងលេខ២ក្នុងអាស៊ាន ខណៈការបញ្ជូនកម្លាំងមួកខៀវនារីកម្ពុជានាឆ្នាំ២០២១នេះ ជាកម្លាំងអាវុធហត្ថ ទៅកាន់បេសកកម្មស៊ូ ដង់ខាងត្បូង មាន៤៦,៥% ការបញ្ជូនកម្លាំងមួកខៀវនារីកម្ពុជា ជាវិស្វកម្ម ទៅកាន់បេសកកម្មលីបង់ មាន១៦,៣% ហើយការចូលរួមរបស់នារីមួកខៀវ ជានាយទាហានសេនាធិការ និងសង្កេតការណ៍មាន ២១% លើសពីផែនការកំណត់ របស់អង្គការសហប្រជាជាតិ ដែលបានកំណត់ត្រឹម ១៥%៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី












