Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្តីពីសិទ្ធិអំណាច តួនាទី និងនីតិវិធីផ្សេងៗ ក្នុងការអនុវត្តរបស់មន្ត្រីអធិការកិច្ចប្រេងកាត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីសិទ្ធិអំណាច តួនាទី និងនីតិវិធីផ្សេងៗ ក្នុងការអនុវត្តរបស់មន្ត្រីអធិការកិច្ចប្រេងកាត។

អនុក្រឹត្យនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា អនុក្រឹត្យនេះកំណត់អំពីសិទ្ធិអំណាច តួនាទី ភារកិច្ច និងនីតិវិធីផ្សេងៗក្នុងការអនុវត្តរបស់មន្ត្រី អធិការកិច្ចប្រេងកាត ដើម្បីជំរុញការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត លិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ និងបទប្បញ្ញត្តិបច្ចេកទេសផ្សេងទៀតជាធរមាន ប្រកបដោយប្រសិទ្ធភាពនិង និរន្តរភាព។

អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះការធ្វើអធិការកិច្ចលើរាល់សកម្មភាពក្នុងវិស័យប្រេងកាត ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និង បទប្បញ្ញត្តិបច្ចេកទេសផ្សេងទៀតជាធរមាន។

វាក្យសព្ទសំខាន់ៗដែលប្រើក្នុងអនុក្រឹត្យនេះត្រូវកំណត់និយមន័យដូចខាងក្រោម៖

១- មន្ត្រីអធិការកិច្ចប្រេងកាត សំដៅដល់មន្ត្រីជំនាញដែលត្រូវបានចាត់តាំងដោយរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីតាមដានស្រាវជ្រាវ ត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិង ផលិតផលប្រេងកាត លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងបទប្បញ្ញត្តិបច្ចេកទេសផ្សេងទៀតជាធរមាន និង ទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌។

២- សិទ្ធិក្នុងវិស័យប្រេងកាត សំដៅដល់សិទ្ធិដែលរូបវន្តបុគ្គលឬនីតិបុគ្គលទទួលបានស្របតាម ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដើម្បី ធ្វើសកម្មភាពផ្នែកអាប់ស្ទីមនិងផ្នែកដោនស្ទីម និងសកម្មភាពសំខាន់ៗដែលពាក់ព័ន្ធ។

មន្ត្រីអធិការកិច្ចប្រេងកាត មានសិទ្ធិអំណាចដូចខាងក្រោម៖ ត្រួតពិនិត្យបទល្មើសនានាក្នុងវិស័យប្រេងកាត រួមមានធ្វើការឆែកឆេរ ចាប់យកវត្ថុតាង បិទស្លាកជាដើម។

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល អាចចាត់តាំងក្រុមការងារ ចុះត្រួតពិនិត្យនិងអធិការកិច្ចលើរាល់សកម្មភាព ក្នុងវិស័យប្រេងកាត ដើម្បីដឹកនាំ និងសម្របសម្រួលការងារអធិការកិច្ចរបស់មន្ត្រីអធិការកិច្ចប្រេងកាត និងមន្ត្រី សមត្ថកិច្ចជំនាញក្នុងការគ្រប់គ្រង និងត្រួតពិនិត្យរាល់សកម្មភាពក្នុងវិស័យប្រេងកាត។

បុគ្គលណាដែលមិនសុខចិត្ត ចំពោះវិធានការណាមួយ របស់មន្ត្រីអធិការកិច្ចប្រេងកាត អាចប្ដឹងតវ៉ាតាម នីតិវិធីដូចមានបញ្ញត្តិក្នុងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធ និងបទប្បញ្ញត្តិបច្ចេកទេសផ្សេងទៀតជាធរមាន។

បែបបទនិងនីតិវិធីលម្អិត នៃការធ្វើអធិការកិច្ចលើរាល់សកម្មភាព ក្នុងវិស័យប្រេងកាតត្រូវកំណត់ ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។

មន្ត្រីអធិការកិច្ចប្រេងកាតត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួន ស្របតាមអនុក្រឹត្យនេះ ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។ ក្នុងករណីប្រព្រឹត្តកំហុស មន្ត្រីអធិការកិច្ចប្រេងកាត ត្រូវទទួលទណ្ឌកម្មខាងវិន័យដូចមានចែងក្នុងច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនទាន់ គិតពីទណ្ឌកម្មព្រហ្មទណ្ឌ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។ ជនណាក្លែងបន្លំជាមន្ត្រីអធិការកិច្ចប្រេងកាត ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

បុគ្គលណាដែលធ្វើសកម្មភាពរារាំង ឬបង្កឱ្យមានការរាំងស្ទះដល់ដំណើរការ នៃការធ្វើអធិការកិច្ចរបស់ មន្ត្រីអធិការកិច្ចប្រេងកាត ត្រូវផ្តន្ទាទោសនិងពិន័យជាប្រាក់ ស្របតាមមាត្រា៦៧ នៃច្បាប់ស្តីពីការគ្រប់គ្រង ប្រេងកាតនិងផលិតផលប្រេងកាត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×