ភ្នំពេញ ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ៤ឆ្នាំ កន្លងមកនេះ កម្មវិធីកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីសេវាកម្មប្រកបដោយនិរន្តរភាព (ACCESS) បានផ្តល់ការបណ្តុះបណ្តាល ដល់អ្នកផ្តល់សេវា ដល់ជនរងគ្រោះ ដោយសារអំពើហិ.ង្សាទាក់ទងនឹងយេនឌ័រ បានជាង ៥ ០០០ នាក់ សាងសង់ជម្រាលសម្រាប់ជនមានពិការភាព សម្រាប់ ២២ ឃុំ និងធ្វើឱ្យប្រសើរឡើង នូវលទ្ធភាពទទួលបានឱកាសសេដ្ឋកិច្ច ដល់ជនមានពិការភាព ចំនួនជាង ៤ ០០០ នាក់។

កាលពីពេលថ្មីៗនេះ លោក ភារធារី Andreas Zurbrugg និង លោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម របស់ ក្រសួងកិច្ចការនារី បានធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការដឹកនាំកម្មវិធី ACCESS ដើម្បីពិនិត្យ និងឆ្លុះបញ្ចាំងពីសមិទ្ធិផលនានា ដែលសម្រេចបាន ក្នុងដំណាក់កាលទី១ (២០១៨ – ២០២១) របស់កម្មវិធី ACCESS និងដើម្បីអនុម័តផែនការការងារប្រចាំឆ្នាំទី៤ ។

លោក ភារធារី Zurbrugg បានមានប្រសាសន៍ថា “អូស្ត្រាលីមានមោទនភាពចំពោះសមិទ្ធផលរួម ដែលបានធ្វើឡើងក្នុងដំណាក់កាលទី១ របស់ ACCESS ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា។ យើងនឹងបន្តរួមចំណែកឆ្ពោះទៅរកការលើកកម្ពស់សិទ្ធិស្ត្រី និងជនមានពិការភាពនៅកម្ពុជា តាមរយៈកម្មវិធី ACCESS របស់យើង ដែលត្រូវបានពន្យារពេល នាពេលថ្មីៗនេះ ក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោកជំទាវ Marise Payne រដ្ឋមន្ត្រីក្រសួងការបរទេស និងជារដ្ឋមន្ត្រីទទួលបន្ទុកស្ត្រី កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមក ”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



