ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឌឿន ចាន់ដារ៉ា និងភរិយា បានរងការចោទប្រកាន់ពីប្រជាពលរដ្ឋចំនួន៤គ្រួសារថា បានរំ.លោភដីកម្មសិទ្ធរបស់ពួកគាត់ នៅចំណុចភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ករណីនេះ ក៏មានការប្តឹងផ្តល់គ្នាដល់តុលាការផងដែរ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយនៅឡើយទេ។

ប្រជាពលរដ្ឋជាម្ចាស់ដីបានឱ្យដឹងថា បុគ្គលដែលរំ.លោភយកដីពួកគាត់ឈ្មោះ ម៉េង លីដា និងប្តីឈ្មោះ ឌឿន ចាន់ដារ៉ា មានឋានន្តរស័ក្កិជាឧត្តមសេនីយ៍ឯក (ប៉ូលីសផ្កាយ៣) បម្រើការងារនៅក្រសួងមហាផ្ទៃ។ ដោយសារអំណាចនិងទឹកលុយពួកគេ ទើបមន្ត្រីជំនាញ ចេញលិខិតបញ្ជាក់ដឹងឮ លើលិខិតសុំកាន់កាប់ដីប្រើប្រាស់ដី។ ជាក់ស្ដែង ដូចជាដីត្រង់ចំណុចក្បាលដីលេខ ៥០៩ ដែលមានទីតាំង ស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ដីនោះ មានម្ចាស់កាន់កាប់រួចមកហើយ ក៏នៅតែហ៊ានលួចធ្វើលិខិតទិញលក់ដោយឯកតោភាគី មិនមានការចូលរួមដឹងឮពីម្ចាស់ព្រំដីពិតប្រាកដទេ ។ មិនតែប៉ុណ្ណោះ ថែមទាំងបានវាស់វែងរំលោភចូលដីរបស់ពលរដ្ឋទាំង ៤។ យ៉ាងណាមិញ ចំពោះលិខិតទិញលក់ និងពាក្យសុំកាន់កាប់ប្រើប្រាស់ដីធ្លី ហាក់មានភាពមិនប្រក្រតី។

ដោយលិខិតទិញលក់ជាមួយឈ្មោះ លី ហេង ធ្វើនៅឆ្នាំ២០០៧ និងឈ្មោះ ឈុន សំអូន ធ្វើនៅឆ្នាំ២០០៦ ។ រីឯពាក្យសុំកាន់កាប់ប្រើប្រាស់ដីធ្លីធ្វើនៅឆ្នាំ ២០១១ បានបញ្ជាក់ថា៖ ឈ្មោះ ប្តីប្រពន្ធផ្កាយបីខាងលើ បានកាន់កាប់ដីនោះតាំងពីឆ្នាំ ២.០០០មកម្ល៉េះ។
យោងទៅតាមលិខិតទិញលក់ និងប្រគល់ប្រាក់រវាងបុគ្គលឈ្មោះ លី ហេង និង ឈុន សំអូន មានតួលេខច្របូកច្របល់មិនច្បាស់លាស់ ដោយម្នាក់២០ម៉ែត្រ គុណ ២០០ម៉ែត្រ និងម្នាក់ទៀត ៣៥ម៉ែត្រគុណ២៩០ម៉ែត្រ ។
ខណៈដែលដីត្រង់ចំណុចនោះ ជាក្បាលដីតែមួយ មានទំហំ ៥៥ម៉ែត្រ គុណ២០០ម៉ែត្រ តែប៉ុណ្ណោះ ហេតុម្ដេចមានឈ្មោះអ្នកលក់ពីរនាក់ និងតួលេខផ្សេងគ្នា..?
ជាមួយគ្នានោះ ឈ្មោះ ម៉េង លីដា និង ឌឿន ចាន់ដារា បានដាក់ពាក្យសុំកាន់កាប់ប្រើប្រាស់ដីធ្លី ដែលមានទំហំដី ៦២ម៉ែត្រ គុណ២៩០ម៉ែត្រ ទៅវិញ ។
ទើបប្រជាពលរដ្ឋចោទប្រកាន់ថា ឈ្មោះ ម៉េង លីដា និងប្តីឈ្មោះ ឌឿន ចាន់ដារ៉ា ឃុបឃិតជាមួយអាជ្ញាធរ និងមន្ត្រីជំនាញលួចកែតួលេខដី ។ ធ្វើប្លង់រឹង មានចេតនារំលោភបំពានយកដីអ្នកដទៃដោយឥតខ្មាស់អៀន ទោះបីដឹងថា៖ ខ្លួនរំ.លោភយកគេចំនួន៩០ម៉ែត្រក៏ដោយ។
ជនរងគ្រោះជាម្ចាស់ដី ក៏បានដាក់ពាក្យប្ដឹងឈ្មោះ ម៉េង លីដា និងប្តីឈ្មោះ ឌឿន ចាន់ដារ៉ា ទៅសាលាដំបូងខេត្តមណ្ឌលគិរីរួចហើយដែរ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋជនរងគ្រោះទាំង ៤គ្រួសារមានដូចជា ១. ឈ្មោះ ឡាច ភីរា ២. ឈ្មោះ សុទ្ធ ណារឿន ៣. ឈ្មោះ សៀង ស៊ីណា ៤. ឈ្មោះ សឿន សុខន ។ អ្នកទាំងបួន ជាម្ចាស់ដី ត្រង់ចំណុចដីក្បាលលេខ ៥០៩ ស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ដែលមានព្រំប្រទល់
-ខាងជើងទល់នឹង អូរ ១២៦ ម៉ែត្រ
-ខាងត្បូងទល់នឹង ឱ សំអឿន ១០៤ ម៉ែត្រ
-ខាងកើតទល់នឹង សោម ចាន់ ១៣៣ ម៉ែត្រ
-ខាងលិចទល់នឹង ស្រីពៅ ១១០ ម៉ែត្រ។
ទាក់ទងករណីខាងលើនេះ មិនអាចសុំការអត្ថាធិប្បាយពីលោកស្រី ម៉េង លីដា និងលោក ឌឿន ចាន់ដារា បានទេ៕ រក្សាសិទ្ធិដោយ ៖ CEN





