ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តកុងតឺន័រ មួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុ.កម៉ូតូជិះបត់ឆ្លងផ្លូវ រួចកិ.នពីលើ បណ្តាលឲ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩ និង ២០នាទីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ៣៧១ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខពោធិ៍សាត់1I-8635 ជិះតាមបណ្តោយផ្លូវ៣៧១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេង គោលបំណងឆ្លងទៅផ្លូវម្ខាងទៀត ពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានបុរសម្នាក់ បើករថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ក្រហមពាក់ផ្លាកលេខ ប-មានជ័យ 3A-1697 បើកស្របគ្នាពីក្រោយ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុ.កម៉ូតូឌ្រីមសង់ ចំពាក់កណ្តាលពេញទំហឹង រួចកិ.នពីលើជាប់ម៉ូតូ ក្រោមកង់រថយន្ត ចំណែកឯបុរសម្នាក់ ជាម្ចាស់ម៉ូតូ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យឯកជនមួយកន្លែង ។ ហើយភ្លាមៗនោះដែរ តៃកុងរថយន្តបង្ក បានរត់គេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្ក និងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត






