ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នាព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានអញ្ជើញទៅកាន់ប្រទេសមីយ៉ាន់ម៉ា សមាជិកអាស៊ាន ដែលកំពុងជួបវិបត្តិនយោបាយតានតឹង ដើម្បីកិច្ចសហប្រតិបត្តិការមួយចំនួន និងប្រមើលមើលអំពីស្ថានភាព ថាតើក្នុងនាមជាប្រធានអាស៊ានអាចជួយអ្វីបានខ្លះដល់ប្រទេសមីយ៉ាន់ម៉ា។

ការអញ្ជើញធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសមីយ៉ាន់ម៉ានេះ គឺមានរយៈពេលថ្ងៃ ចាប់ពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ គឺស្របគ្នានឹងប្រទេសកម្ពុជារំលឹកខួបជ័យជំនះ ៧ មករា លើកទី៤៣, ( ៧ មករា ១៩៧៩ – ៧ មករា ២០២២ ) ហើយជាមួយគ្នានេះទៀត គឺរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្ដល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា ដូចជា ម៉ាសជាង ៣.២លាន និងសម្ភារៈវេជ្ជសាស្ត្រជាច្រើន ដើម្បីការងារមនុស្សធម៌ និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
នេះជាលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈដែលប្រទេសនេះ កំពុងមានវិបត្តិនយោបាយ និងជួបភាពវឹកវរ ក្រោយមានរដ្ឋប្រហារទម្លាក់ លោកស្រី អោង សានស៊ូជី ចេញពីតំណែង កាលពីខែកុម្ភៈ ឆ្នាំ២០២១។
បើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ជំនួយរបស់កម្ពុជា លើកទី៣ ផ្ដល់ជូនដល់ប្រទេសមីយ៉ាន់ម៉ា នេះរួមមាន ៖
- ម៉ាស ចំនួន ៣លាន
- ម៉ាស់ N95 ចំនួន ២សែន
- វែនតាការពារ ចំនួន ១សែន
- សំលៀកបំពាក់ការពារសុវត្ថិភាព ចំនួន ៣ម៉ឺន
- របាំងការពារមុខ ចំនួន ៣ម៉ឺន
- ស្បែកជើងវែងចំនួន ៣ពាន់សម្រាប់
- ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន ៥០គ្រឿង
- ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន ៥០ គ្រឿង
- ម៉ាស៊ីនផ្ដល់អុកស៊ីសែនស្វ័យប្រវត្តិ ចំនួន ៥០គ្រឿង,
ដោយឡែក កាលពី ខែសីហា ឆ្នាំ២០២១ កន្លងទៅ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកា ១០ម៉ឺនដុល្លារទៅកាន់កាកបាទក្រហមមីយ៉ាន់ម៉ាផងដែរដើម្បីធ្វើកិច្ចការមនុស្សធម៌ក្នុងប្រទេសរបស់ខ្លួន។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងតបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង លាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ អមដំណើរ សម្ដេចតេជោ ហ៊ុន សែន រួមមាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។
ក្រុមមន្ត្រីបានលើកឡើងផងដែរថា ការបំពេញទស្សនកិច្ចរយ:ពេល ២ថ្ងៃ របស់ សម្ដេចតេជោ ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី០៧ ខែមករា នេះ គឺ រំពឹងថា នឹងធ្វើការសម្របសម្រួលដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងពង្រឹងមជ្ឈភាពរបស់អាស៊ាន ឲ្យកាន់តែមានឥទ្ធិពលនៅលើពិភពលោក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN




