Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាធារណជនអាចប្រើគ្រុបតេឡេក្រាម «សុវត្ថិភាពចរាចរណ៍យើង OUR ROAD SAFETY» ដើម្បីផ្ដល់ព័ត៌មានទាន់ហេតុការណ៍ និងដោះស្រាយកង្វល់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្កើតគ្រុបតេឡេក្រាម (Telegram Group) ឈ្មោះ «សុវត្ថិភាពចរាចរណ៍យើង OUR ROAD SAFETY» ជូនសាធារណជនគ្រប់រូបប្រើប្រាស់ដោយសេរី ដើម្បីផ្តល់ព័ត៌មានអំពីស្ថានភាពចរាចរណ៍ ផ្លូវគោកទាន់ហេតុការណ៍ បន្ថែមលើអ្វីដែលមានស្រាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាកង្វល់ប្រជាពលរដ្ឋ ឬអ្នកដំណើរ និងស្ថានភាពចរាចរណ៍ផ្សេងៗ។

ក្នុងសេចក្ដីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ចុះហត្ថលេខាដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញចំណុចសំខាន់ៗ ដូចតទៅ ÷

១- សូមផ្តល់ព័ត៌មាន ទីតាំង និងពេលវេលា នៃហេតុការណ៍ពិតប្រាកដ និងច្បាស់លាស់,
២- សូមផ្តល់រូបភាព ឬវីដេអូខ្លីៗ នៃហេតុការណ៍ពិតៗ ជាក់ស្តែង,
៣- សូមផ្តល់ខ្លឹមសាព័ត៌មានដោយប្រកាន់ខ្ជាប់តាមក្រមសីលធម៌,
៤- សូមកុំផ្តល់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលមានចរិតញុះញង់ មួលបង្កាច់ បង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ឬប្រើពាក្យពេចន៍អសុរោះ ឬរូបភាពអាសអាភាស ដែលអំពើទាំងនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន
៥- សូមកុំផ្តល់ព័ត៌មាន ដែលខុសពីព័ត៌មានស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

សាធារណជន អាចរាយការណ៍តាមរយៈកម្មវិធីលើទូរស័ព្ទដៃ «ថែទាំផ្លូវថ្នល់ ROAD CARE Mobile App» ដែលអាចទាញយកពី App Store (https://roadcare.mpwt.gov.kh/ios ឬ Play Store (https://roadcare.mpwt.gov.kh/android), កម្មវិធីនេះនឹងបញ្ជូនព័ត៌មាននៅក្នុងគ្រុបតេឡេក្រាម «សុវត្ថិភាពចរាចរណ៍យើង OUR ROAD SAFETY» ដោយភ្ជាប់ព័ត៌មានទីតាំង និងពេលវេណដោយស្វ័យប្រវត្តិ។

គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សង្ឃឹមយ៉ាងមុតមាំចំពោះស្មារតីចូលរួមប្រកបដោយស្ថាបនា ក្នុងបំណងកែលម្អស្ថានភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀត ដោយផ្តល់សុវត្ថិភាពជូនអ្នកប្រើប្រាស់ផ្លូវទាំងឡាយ តាមរយៈការផ្តល់ព័ត៌មានសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាន់ហេតុការណ៍ នៃកម្មវិធីតេឡេក្រាម
«សុវត្ថិភាពចរាចរណ៍យើង»។

ការបង្កើតគ្រុបតេឡេក្រាម (Telegram Group) ឈ្មោះ «សុវត្ថិភាពចរាចរណ៍យើង OUR ROAD SAFETY» ជូនសាធារណជនគ្រប់រូបប្រើប្រាស់ដោយសេរីនេះ ធ្វើឡើងបន្ទាប់ពីមានការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បំបែកពីផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ ក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×