ភ្នំពេញ ÷ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តម៉ាក toyota prius មួយគ្រឿងក្នុងល្បឿនលឿន បានរេចង្កូតទៅបុ.កដើមពោធិ៍បានបណ្ដាលឲ្យរថយន្ត ក្រឡាប់ផ្ងារជើងទ្រមេឃ សំណាងល្អមិនគ្រោះថ្នាក់ដល់តៃកុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពី វេលាម៉ោង ២ និង ២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៧ ខែមករាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៥១ កែងនឹងផ្លូវ ២៤២ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ ទំនងជាស្រវឹងស្រាខ្លាំង បានបើករថយន្តម៉ាកtoyota prius ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BL-3582 បើកបរតាមបណ្ដោយផ្លូវ៥១ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ មិនប្រយ័ត្នបានរេចង្កូត ទៅខាងឆ្វេងដៃជ្រុល ទៅបុ.កដើមពោធិ៍ពេញទំហឹង បណ្ដាលឱ្យក្រឡាប់រថយន្តផ្ងារជើង ទ្រមេឃសំណាងល្អ និងគ្រោះថ្នាក់ ដល់មនុស្សធ្វើដំណើរ តាមដងផ្លូវ និងតៃកុងរថយន្តនោះទេ រងការខូចខាតតែរថយន្តតែប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់រួចក៏ពិនិត្យជុំវិញ កន្លែងកើតហេតុឃើញថា មិនមានប៉ះពាល់ទៅលើទ្រព្យសម្បត្តិរដ្ឋ ក៏ឱ្យម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទូច រថយន្តយកទៅជួសជុលដោយខ្លួនឯង៕ រក្សាសិទ្ធិដោយ ៖ សា មេត





