រដ្ឋធានីហាណូយ ៖ តាមពិតទៅ ស្ថាបនិករថយន្ដអគ្គិសនីដ៏ល្បីល្បាញរបស់វៀតណាម ពិតជាមិនធម្មតាមែន ព្រោះគាត់ជាមហាសេដ្ឋីពិភពលោក លំដាប់លេខ៣៤៤ នៅលើពិភពលោក ហើយក៏ជាកំពូលអ្នកមានបំផុត នៅក្នុងប្រទេសអាស៊ានមួយនេះ។

រហូតមកដល់ពេលនេះ ក្រុមហ៊ុន VinFast បានចាប់ផ្ដើមដាក់ដំណើរការលក់រថយន្ដអគ្គិសនី នៅក្នុងប្រទេសវៀតណាម ជាលើកដំបូង ក្នុងតម្លៃ ៣០ ២០០ដុល្លារសហរដ្ឋអាមេរិក ហើយវាអាចរត់ក្នុងចម្ងាយផ្លូវ ៣០០គីឡូម៉ែត្រ ទើបសាកភ្លើងម្ដង។ ជាមួយគ្នានេះ ក្រុមហ៊ុន VinFast បាន និងកំពុងនាំចេញរថយន្ដអគ្គិសនីរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។
បើតាមសារព័ត៌មានវៀតណាម Vietnam Net បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ថា លោក Pham Nhat Vuong ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និង ជាប្រធានក្រុមហ៊ុន Vingroup ហើយគាត់ក៏ជាអ្នកមានបំផុត នៅក្នុងប្រទេសវៀតណាម និងជាមហាសេដ្ឋីលំដាប់ពិភពលោក ដោយមានទ្រព្យសម្បត្ដិ កើនដល់៧,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។ មហាសេដ្ឋីរូបនេះ ជាស្ថាបនិករថយន្ដអគ្គិសនីដ៏ល្បីល្បាញរបស់វៀតណាម VinFast ហើយក្រុមហ៊ុននេះ ក៏ជាបុត្ដសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup ។ ក្រៅពីនេះ គាត់ក៏នៅមានក្រុមហ៊ុនជាច្រើនទៀត ទើបធ្វើឲ្យទ្រព្យសម្បត្ដិរបស់គាត់ កើនឡើងជាលំដាប់។

សារព័ត៌មានជប៉ុន Nikkei Asia បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ថា ក្រុមហ៊ុន VinFast ចាប់ផ្តើមលក់រថយន្តអគ្គិសនីផលិតក្នុងស្រុក ហើយក៏ជារថយន្ដអគ្គិសនីដំបូង ដាក់ឲ្យប្រតិបត្ដិការ នៅវៀតណាម។
ក្រុមហ៊ុន VinFast ជាបុត្ដសម្ពន្ធ នៃក្រុមហ៊ុន Vingroup ដ៏ធំបំផុតរបស់វៀតណាម នឹងលក់រថយន្តអគ្គិសនី ប្រហែល១០០គ្រឿងដល់អតិថិជន នៅចុងខែធ្នូ ឆ្នាំ២០២១។ ចំណែករថយន្តស្ព័រអគ្គិសនី មានតម្លៃ ៣0 ២00 ដុល្លារសហរដ្ឋអាមេរិក ហើយរថយន្ដប្រភេទនេះ អាចធ្វើដំណើរបាន ក្នុងចម្ងាយផ្លូវប្រហែល ៣00 គីឡូម៉ែត្រ ទើបបញ្ចូលភ្លើងអគ្គិសនីម្តង។ ក្រុមហ៊ុន VinFast គ្រោងនឹងចែកចាយរថយន្តអគ្គិសនី ចំនួន ២ 000 គ្រឿងទៀត នៅក្នុងខែមករា ឆ្នាំ២០២២។
បើតាមក្រុមហ៊ុន VinFast បានអះអាងថា ក្រុមហ៊ុនបានទទួលការបញ្ជាទិញរថយន្ដអគ្គិសនី សរុបប្រហែល ២៥ 000 គ្រឿង។ ក្រុមហ៊ុន នឹងដាក់ដំណើរការលក់រថយន្ដអគ្គិសនីរបស់ខ្លួន នៅសហរដ្ឋអាមេរិក និងអឺរ៉ុប នៅក្នុងអំឡុងឆ្នាំ ២0២២ខាងមុខនេះ៕រក្សាសិទ្ធិដោយ ៖ សារាយSN













