រដ្ឋធានី Nur-Sultan ៖ ស្របពេលមានភាពចលាចល នៅក្នុងប្រទេស ជុំវិញតម្លៃប្រេងឡើងថ្លៃនោះ ប្រធានាធិបតីកាហ្សាក់ស្ថាន បានអំពាវនាវដល់អង្គការសន្ធិសញ្ញាសន្តិសុខរួម ដែលមានសមាជិក៦ប្រទេស ធ្លាប់ជារដ្ឋស្ថិតក្រោមការគ្រប់គ្រងរបស់អតីតសហភាពសូវៀត ដឹកនាំដោយរុស្ស៊ី ហៅកាត់ថា CSTO ឲ្យដាក់ពង្រាយកងទ័ពនោះមក ប៉ូលិសកាហ្សាក់ស្ថាន បានបា.ញ់ស.ម្លាប់ក្រុមបាតុកររាប់សិបនាក់ ដែលព្យាយាមសម្រុកទៅកាន់វិមានរដ្ឋាភិបាល។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ថា ប៉ូលិស បានបញ្ជាក់ថា ប៉ូលិស បានបណ្ដេញក្រុមបាតុកររាប់ពាន់នាក់ ដែលបានព្យាយាមពេញមួយយប់តម្រង់គោលដៅទៅកាន់វិមានរដ្ឋាភិបាល ខណៈ CSTO បានដាក់ពង្រាយកងទ័ព ដឹកនាំដោយរុស្ស៊ី ចំពេលមានភាពវឹកវរកើតឡើង នៅក្នុងប្រទេស ជុំវិញតម្លៃប្រេងឥន្ធនៈឡើងថ្លៃ។
បណ្ដាផ្សព្វផ្សាយ បានរាយការណ៍ថា ប៉ូលិសកាហ្សាក់ស្ថាន បានបា.ញ់ស.ម្លាប់ក្រុមបាតុកររាប់សិបនាក់ ដែលបានព្យាយាមទៅកាន់វិមានរដ្ឋាភិបាល ខណៈសម្ព័ន្ធភាពយោធាដឹកនាំដោយរុស្ស៊ីបានអនុម័ត ឲ្យកងកម្លាំងរក្សាសន្តិភាពដល់ ប្រទេសអាស៊ីកណ្តាលមួយនេះ ដើម្បីលុបបំបាត់ភាពចលាចល ជុំវិញការកើនឡើង នៃតម្លៃប្រេងឥន្ធនៈ។

លោកស្រី Saltanet Azirbek អ្នកនាំពាក្យប៉ូលិសកាហ្សាក់ស្ថាន ( Kazakh) បានប្រាប់ដល់បណ្ដាញទូរទស្សន៍ Khabar-24 នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២ ថា កម្លាំងជ្រុលនិយម បានព្យាយាមពេញមួយយប់ ដើម្បីសម្រុកទៅកាន់វិមានរដ្ឋាភិបាល ក៏ដូចជា នាយកដ្ឋានប៉ូលិស នៅ Almaty ជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសនេះ។ ក្រុមបាតុករបានចេញមកតវ៉ាតាមដងផ្លូវ នៅក្នុងទីក្រុង និងចូលលុកលុយអគាររដ្ឋាភិបាលកាហ្សាក់ស្ថាន ព្រមទាំងបានដុ.តបំផ្លាញទ្រព្យសម្បត្តិសាធារណៈ អស់ជាច្រើន។ រុស្ស៊ី បានចោទថា បាតុករបានចេញមកតវ៉ា ដោយកំហឹងបែបនេះ ព្រោះតែមានការដុ.តបញ្ឆេះពីបរទេសនោះ។
ដោយឡែក កងទ័ពសម្ព័ន្ធមិត្តដឹកនាំដោយរុស្ស៊ី បានអះអាងថា រុស្ស៊ីនឹងបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់កាហ្សាក់ស្ថាន ដើម្បីរក្សាឲ្យបាននូវស្ថិរភាព ហើយអាជ្ញាធរបានស្តីបន្ទោសក្រុមបាតុករ បាន និងកំពុងធ្វើឲ្យប្រទេសធ្លាប់ ស្ថិតក្រោមការគ្រប់គ្រងរបស់ អតីតសហភាពសូវៀតមួយនេះ ធ្លាក់ចូលក្នុងភាពចលាចល ដោយសារតែការលូកដៃពីបរទេស។

លោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន បានស្នើទៅកាន់អង្គការសន្ធិសញ្ញាសន្តិសុខរួម ដឹកនាំដោយរុស្ស៊ី ហៅកាត់ថា CSTO ដែលមានសមាជិក សរុប៦ប្រទេស (សុទ្ធតែជារដ្ឋធ្លាប់ស្ថិតក្រោមអតីតសហភាពសូវៀត) ឲ្យមកជួយទប់ស្កាត់នូវអ្វីដែលលោកហៅ«ក្រុមភេ.រវ.ករ» ដែលទទួលបានការហ្វឹកហ្វឺនពីបរទេស។
ស្ថិតក្នុងស្ថានភាពហិង្សាបែបនេះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី៥ ខែមករា បានអំពាវនាដល់គ្រប់ភាគីទាំងអស់ ត្រូវរក្សាការអត់ធ្មត់ និងងាកមកដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី៕រក្សាសិទ្ធិដោយ ៖ សារាយSN















