រដ្ឋធានីវ៉ាស៊ីនតោន ៖ ក្រោយពេលកូរ៉េខាងជើង បានបា.ញ់សាកល្បងមីស៊ីលមានល្បឿនលឿនជាងសំឡេងនោះមក ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ (UNSC) បានសម្រេចថា នឹងរៀបចំកិច្ចប្រជុំបិទទ្វារមួយ នៅថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២១។

បើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ថា កិច្ចប្រជុំបិទទ្វារនេះ បានស្នើឡើង កាលពីថ្ងៃទី៦ ខែមករា (វេលានៅញូវយ៉ក សហរដ្ឋអាមេរិក) ដោយសមាជិកអចិន្ត្រៃយ៍ នៃ UNSC ចំនួន៣ ក្នុងចំណោមប្រទេសចំនួន៥ រួមមាន សហរដ្ឋអាមេរិក, បារាំង និងចក្រភពអង់គ្លេស ព្រមទាំងសមាជិក UNSC ផ្សេងទៀត ដូចជា អៀរឡង់ដ៍ និងអាល់បានី ជាដើម។ សំណើរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនេះ បានកើតឡើង តែ១ថ្ងៃ ក្រោយពេលកូរ៉េខាងជើង បានប្រកាស ពីការបា.ញ់សាកល្បងមីស៊ីលមានល្បឿនលឿនជាងសំឡេង ប្រកបដោយជោគជ័យ។
ទោះជាយ៉ាងណា មន្រ្ដីអង្គការសហប្រជាជាតិមួយរូប បានបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីប្រកាសរួមណាមួយ ត្រូវបានគេរំពឹងថា អាចចេញ ក្រោយកិច្ចប្រជុំ នៅថ្ងៃចន្ទ ទី១០ ខែមករា នោះឡើយ។ ករណីនេះអាចមានត្រឹមតែការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសតែប៉ុណ្ណោះ។

កូរ៉េខាងជើង បានបា.ញ់សាកល្បងមីស៊ីលមានល្បឿនលឿនជាងសំឡេង លើកទី១ នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២១ និង លើកទី២ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ សកម្មភាពរបស់កូរ៉េខាងជើង បានរំលោភបំពានទៅលើបម្រាមរបស់អង្គការសហប្រជាជាតិ។ ដោយឡែក សកម្មភាពបា.ញ់មីស៊ីលរបស់កូរ៉េខាងជើង ត្រូវបានក្រុមអង្កេតការយោធា នៃប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ចាប់បាន ហើយរិះគន់យ៉ាងខ្លាំងដល់ទីក្រុងព្យុងយ៉ាង ចំពោះទង្វើបែបនេះផងដែរ។
បើតាមទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋ KCNA បានចេញផ្សាយថា «នៅក្នុងការធ្វើតេស្តមួយគ្រាប់ កាលពីថ្ងៃពុធ ទី៥ ខែមករា នោះ ជាប្រភេទមីស៊ីលមានល្បឿនលឿនជាងសំឡេង ហើយត្រូវបានឧបករណ៍ជំរុញគ្រាប់រ៉ុក្កែត បា.ញ់ចេញ និងហោះ នៅក្នុងរយៈចម្ងាយ ៧០០គីឡូម៉ែត្រ។ មីស៊ីលនោះ បានវា.យប្រហារចំគោលដៅ ប្រកបដោយជោគជ័យ។ នេះមិនមែនជាអាវុធប្រភេទថ្មី ដែលកូរ៉េខាងជើងបានធ្វើតេស្តនោះឡើយ ហើយកាលពីខែកញ្ញា ឆ្នាំ២០២១ ទីក្រុងព្យុងយ៉ាងបានប្រកាសជាលើកទី១ ចំពោះការធ្វើតេស្តមីស៊ីលលឿនជាងសំឡេង ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន ដើរប្រកៀកនឹងមហាអំណាចយោធាកំពូលៗ នៅលើលោក ងការអភិវឌ្ឍន៍អាវុធដ៏អស្ចារ្យបែបនេះ៕រក្សាសិទ្ធិដោយ ៖ សារាយSN












