រដ្ឋធានីវ៉ាស៊ីតោន ៖ អតីតកុមារខ្មែរម្នាក់ បានរត់គេចខ្លួនជាមួយម្ដាយ និង បងប្អូន ចេញពីវាលពិឃាតខ្មែរក្រហម មានជីវិតរសាត់អណ្ដែតយ៉ាងសែនវេទនា តែនៅលើនេះ បែរជាឆ្អឹងអណ្ដែត ត្រូវបានជ្រើសរើសឲ្យកាន់តំណាងជាចៅហ្វាយក្រុងឡូវ៉ែល (Lowell) ហើយគាត់បានស្បថចូលកាន់តំណែងកំពូលមួយនេះ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។

បើតាមគេហទំព័រ Lowellsun បានចេញផ្សាយ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ថា លោក ចៅ សុខារី (Sokhary Chau) ក្រុមប្រឹក្សាក្រុង Lowell បានជាប់ឆ្នោតក្លាយជាចៅហ្វាយក្រុងជាផ្លូវការ កាលពីថ្ងៃចន្ទ ទី៣ ខែមករា ឆ្នា២០២២ ដោយមានសំឡេងគាំទ្រលើកដំបូង ១១-០ ។លោក ចៅ សុខារី ក្លាយជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរលើកដំបូង បានជាប់ឆ្នោតជាចៅហ្វាយក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក។
លោក ចៅ សុខារី វ័យ៤៩ឆ្នាំ ទើបនឹងឡើងកាន់តំណែងជាអភិបាលក្រុង Lowell បានប្រាប់ដល់ VOA ថា ចាប់តាំងពីលោកបានមកដល់សហរដ្ឋអាមេរិក លោកមិនដែលនឹកស្មានដល់ថា ពលរដ្ឋខ្មែរ ក៏រូបលោកផ្ទាល់បានកាន់តំណែងកំពូល នៅក្នុងរដ្ឋ Lowell ដែលមានប្រជាពលរដ្ឋខ្មែរជាង១០ម៉ឺននាក់រស់នៅនោះឡើយ។

លោក ចៅ សុខារី ទទួលបានសំឡេងគាំទ្រជាឯកច្ឆន្ទ ពីសមាជិកក្រុមប្រឹក្សាក្រុងដទៃទៀត។ គាត់ជាអតីតកុមារភៀសខ្លួន បានខិតខំតស៊ូ រហូតបានសម្រេចក្តីសុបិន នៅលើទឹកដីសហរដ្ឋអាមេរិក បើទោះជាកំព្រាឪពុក ដែលត្រូវបានរបបកុម្មុយនិស្តខ្មែរក្រហមសម្លាប់ក៏ដោយ។
បើតាមសារព័ត៌មាន WGBH បានចេញផ្សាយ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ថា នៅក្នុងអំឡុងឆ្នាំ១៩៧៩ លោក ចៅ សុខារី ជាកុមារម្នាក់បានដើរតាមម្តាយ និងបងប្អូនប្រាំមួយនាក់ ដើរឆ្លងកាត់ព្រៃ រត់ភៀសខ្លួន ចេញពីរបបវាលពិឃាតខ្មែរក្រហម ឆ្ពោះទៅកាន់ជំរំជនភៀសខ្លួន នៅក្នុងប្រទេសថៃ។ ប៉ុន្ដែជាភ័ព្វសំណាងដ៏ខ្ពស់បំផុតមួយរបស់ជនជាតិខ្មែរ កាលពីថ្ងៃចន្ទ ទី៣ ខែមករា ឆ្នា២០២២ លោក ចៅ សុខារី ត្រូវបានបោះឆ្នោតជ្រើសរើសជាអភិបាលក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក ហើយលោកក្លាយជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរដំបូង បានកាន់តំណែងកំពូលនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN












