Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នឹងចាប់ផ្តើមឆ្នាំ២០២២នេះ ជាមួយនឹងសុទិដ្ឋិនិយមជាច្រើន ដែលនឹងស្តែងចេញពីព្រឹត្តិការណ៍ធំៗចំនួន ០៣

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ បានបង្ហោះសារមួយ ដោយបានបង្ហាញអំពីព្រឹត្តិការណ៍សំខាន់ៗ ដែលនឹងកើតមាននៅក្នុងប្រទេសកម្ពុជា នាឆ្នាំ២០២២នេះ។ សម្រាប់កម្ពុជា យើងទាំងអស់គ្នានឹងចាប់ផ្តើមឆ្នាំ២០២២នេះ ជាមួយនឹងសុទិដ្ឋិនិយមជាច្រើន បើទោះជាយើង ក៏ដូចជាបណ្តាប្រទេសដទៃទៀតក្នុងលោក នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ។ ដោយមិននិយាយពីវិស័យធំៗ ដែលក្នុងនោះរួមមាន “សន្តិសុខជាតិ” “ស្ថិរភាពនយោបាយ” “ការងើបឡើងវិញនៃសេដ្ឋកិច្ច” “កិច្ចការសង្គមសេដ្ឋកិច្ច” និងបណ្តាវិស័យផ្សេងៗទៀត។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់ឯកឧត្តម ហ៊ុន ម៉ានី ៖

ខណៈដែលប្រជាជាតិទាំងមូលកំពុងប្រារព្ធទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ (ថ្ងៃ០៧ មករា) យើងក៏មិនទាន់ទៅណាឆ្ងាយពីពិធីបុណ្យចូលឆ្នាំសកល ដែលយើងនៅអាចធ្វើការប្តេជ្ញាចិត្តឆ្នាំថ្មីរបស់យើងបាន។ សម្រាប់កម្ពុជា យើងទាំងអស់គ្នានឹងចាប់ផ្តើមឆ្នាំ២០២២នេះ ជាមួយនឹងសុទិដ្ឋិនិយមជាច្រើន បើទោះជាយើង ក៏ដូចជាបណ្តាប្រទេសដទៃទៀតក្នុងលោក នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ។ ដោយមិននិយាយពីវិស័យធំៗ ដែលក្នុងនោះរួមមាន “សន្តិសុខជាតិ” “ស្ថិរភាពនយោបាយ” “ការងើបឡើងវិញនៃសេដ្ឋកិច្ច” “កិច្ចការសង្គមសេដ្ឋកិច្ច” និងបណ្តាវិស័យផ្សេងៗទៀត ខ្ញុំសូមលើកយកទិដ្ឋភាពសុទិដ្ឋិនិយម ដែលនឹងស្តែងចេញពីព្រឹត្តិការណ៍ធំៗចំនួន ០៣ ដូចខាងក្រោម៖

១. ការរស់នៅក្នុង”គន្លងថ្មី”

តាមរយៈសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងការចូលរួមរបស់វីរជនជួរមុខ និងប្រជាពលរដ្ឋគ្រប់រូបក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយគ្នានឹងការមើលឃើញពីដំណើរការជាប្រក្រតី នៃការប្រារព្ធកម្មវិធីឆ្លងឆ្នាំ នៅតាមបណ្តាទីតាំងនានាក្នុងប្រទេស យើងមានសុទិដ្ឋិនិយមថា ជីវភាពប្រជាពលរដ្ឋយើង បាន និងកំពុងវិលត្រលប់មកកាន់ប្រក្រតីភាពវិញ បើទោះជាពេលនេះ មិនដូចកាលមុនពេលផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ក្តី។ ប៉ុន្តែស្របពេលដែលយើងកំពុងតែសាទរនូវការងើបឡើងវិញនេះ យើងក៏មិនត្រូវភ្លេចបន្តចូលរួមអនុវត្តតាមវិធានសុខាភិបាល បន្តប្រុងប្រយ័ត្ន និងបន្តចូលរួមតាមគ្រប់លទ្ធភាពក្នុងការរក្សាភាពជោគជ័យនោះទេ។ យើងទាំងអស់គ្នាបានដើរមកដល់ពេលនេះ ដោយសារកិច្ចប្រឹងប្រែងរបស់យើងទាំងអស់គ្នា ជាពិសេសគឺកិច្ចប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលលោកបានដឹកនាំដោយផ្ទាល់ក្នុងការប្រយុទ្ធនឹងជំងឺនេះ ក៏ដូចជាការធានាបាននូវចំនួនវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់គ្រប់គ្នា មិនថាតែជនជាតិខ្មែរនោះទេ គឺសម្រាប់ជនគ្រប់រូបដែលរស់នៅលើទឹកដីកម្ពុជាដោយមិនគិតថ្លៃ។

២. កម្ពុជាជាប្រធានអាស៊ាន

សម្តេចនាយករដ្ឋមន្រ្តី និងឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានដាក់ចេញនូវមូលបទ “អាស៊ាន A.C.T.៖ ស្គាល់បញ្ហា និងរួមគ្នាដោះស្រាយបញ្ហាទាំងអស់គ្នា” ក៏ដូចជារបៀបវារៈ ដែលក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន នឹងអាចដឹកនាំកិច្ចពិភាក្សា ឈានទៅសម្រេចបានកុងសង់ស៊ុសលើលទ្ធផល ដែលជាឧត្តមប្រយោជន៍ដល់អាស៊ាន និងប្រជាជននៃអាស៊ានទាំងមូលផងដែរ។ ប្រធានបទនានា (ដែលក្នុងនោះមានប្រធានបទដែលត្រូវបានបន្តពីឆ្នាំមុនៗ ដែលមិនទាន់មានការព្រមព្រៀង) រួមមានទាំងបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច “ការងើបឡើងវិញក្រោយវិបត្តិកូវីដ ១៩” និងសង្គមវប្បធម៌ នឹងត្រូវលើកមកពិភាក្សា។ ខ្ញុំប្រាកដថាជាមួយស្មារតីសហគមន៍ និងភាពជាស្នូលរបស់អាស៊ាន កិច្ចពិភាក្សានឹងមានការវិវឌ្ឍន៍ល្អក្នុងឆ្នាំ២០២២នេះ បើទោះជាបញ្ហាទាំងនោះមានភាពលំបាកយ៉ាងណាក៏ដោយ។ ក្នុងនាមជាប្រធានអាស៊ាន យើងត្រូវមានមោទកភាពចំពោះអ្វីដែលយើងបាន និងកំពុងធ្វើ ទោះក្នុងនាមជាប្រជាជាតិទាំងមូលក្តី ឬក្នុងនាមបុគ្គលផ្ទាល់ខ្លួនក្តី។

៣. ការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ២០២២
ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលបានចារិកក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ ប្រជាពលរដ្ឋកម្ពុជានឹងធ្វើដំណើរទៅកាន់ការិយាល័យបោឆ្នោតក្នុងឃុំសង្កាត់រៀងៗខ្លួន ដើម្បីបោះឆ្នោតដោយសេរី យុត្តិធម៌ និងសម្ងាត់ ជ្រើសរើសអ្នកដឹកនាំមូលដ្ឋានរបស់ខ្លួនក្នុងចំណោមគណបក្សចូលរួមប្រកួតប្រជែងជាច្រើន ដែលខ្លួនជឿថា មានសមត្ថភាពបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិនៅក្នុងអាណត្តិ ២០២២ ២០២៧ ខាងមុខ។

ជារួម ដូចដែលបានលើកឡើងនៅខាងដើម យើងនៅមានបញ្ហាសេសល់ច្រើនដើម្បីបន្តដោះស្រាយ មិនថាក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម តែយើងមានសុទិដ្ឋិនិយមខ្ពស់ចំពោះអ្វី ដែលដែលយើងទាំងអស់គ្នា ក្នុងនាមជាខ្មែរ សម្រេចបាននាពេលកន្លងមក ជាពិសេសការគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធិភាពនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ នាពេលថ្មីៗនេះ។ យើងត្រូវនៅបន្តភាពសុទិដ្ឋិនេះនៅក្នុងឆ្នាំ២០២២នេះ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងអាចធ្វើបានជាមួយគ្នា ទាំងអស់គ្នា ហើយមិត្តភក្តិបរទេសក៏នឹងសប្បាយចិត្តនូវអ្វីដែលយើងសម្រេចបាននេះផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×