Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ សាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ អាចផ្តល់សេវាសុខាភិបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង

កោះធំ៖ គម្រោងសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ ឋិតនៅស្រុកកោះធំ ខេត្តកណ្តាល ដែលមានទំហំផ្ទៃអគារសរុប១២.៥៤៤,៤ ម៉ែត្រការ៉េ អាចផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ ត្រូវបានរៀបចំពិធីក្រុងពាលីបុកគ្រឹះសាងសង់ , នៅថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបុកគ្រឹះសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ នៅក្នុងស្រុកធំ ខេត្តកណ្ដាល។

ថ្លែងទៅកាន់អង្គពិធីនាពេលនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ខួបអនុស្សាវរីយ៍លើកទី៤៣ ៧មករា ១៩៧៩ និង ៧មករា ២០២២ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ផ្ដល់ឱកាសឱ្យយើងទាំងអស់គ្នាបានជួបជុំគ្នាថ្ងៃនេះ ដើម្បីបញ្ចុះបឋមសីលា កសាងមន្ទីរពេទ្យជូនបងប្អូនប្រជាពលរដ្ឋយើង។

ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមពីសារសំខាន់នៃកត្តាសុខសន្តិភាព ដែលផ្ដល់ឱកាសឱ្យយើង បានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទាក់ទាញវិនិយោគិនមកបណ្ដាក់ទុននៅកម្ពុជា ទាក់ទាញទេសចរណ៍មកលេងកម្ពុជា នាំយកផលិតផលទៅលក់នៅបរទេស បង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីផងដែរថា មន្ទីរពេទ្យនេះសាងសង់ឡើង ដោយថវិកាបានមកពីការចូលរួមវិភាគទាន របស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត គ្រោងចំណាយថវិកាសរុប ទាំងអស់ប្រមាណ១០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យ គ្រោងចំណាយទឹកប្រាក់ ប្រមាណ៦លាន២សែនដុល្លារសហរដ្ឋអាមេរិក និងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ពី៤ ទៅ ៥លានដុល្លារសហរដ្ឋអាមេរិកថែមទៀត។ បន្ថែមពីលើនេះ មន្ទីរពេទ្យនេះត្រូវប្រសិទ្ធនាមថាមន្ទីរពេទ្យតេជោ សែន កោះធំ និងក្លាយជាមន្ទីរពេទ្យមានទីតាំង ផ្តល់សេវាសុខាភិបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។

សូមជម្រាបជូនថា៖ គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន០៣ខ្នង ១)អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ ២) អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ ៣) អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។

អគារទាំង ០៣ ខាងលើមានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល គ្រោងចំណាយពេលសាងសង់ចំនួន១២ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×