តាកែវ ៖ នគរបាលស្រុកគិរីវង់ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ យកអាវុធកែច្នៃប្រើហ្គាស ធ្វើសកម្មភាពភ្ជុងទៅលើ ជនរងគ្រោះ ក្នុងខណៈពេលជនរងគ្រោះ កំពុងជិះរថយន្តនៅលើដងផ្លូវ ដោយជនសង្ស័យ បានភ្ជុងស្រែកឲ្យឈប់ ហើយគេបានប្រើពាក្យសំដីថា បា.ញ់បំបែកក្បាល។ ជនសង្ស័យរូបនោះ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការកសាងសំណុំរឿង បញ្ជូនទៅតុលាការ។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ជីវ ចាន់តារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤និង១៥នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានចាត់កម្លាំងជំនាញយុត្តិធម៌ស្រុក ចុះសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាអូរ ធ្វើការកំណត់ទីតាំងនៅចំណុចផ្លូវលំ ស្ថិតនៅភូមិតាអូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ អេល ឡោ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិតាអូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ បានយកអាវុធកែច្នៃប្រើហ្គាស បានធ្វើសកម្មភាពភ្ជុងទៅលើ ជនរងគ្រោះឈ្មោះ ម៉ៃ ធា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិភ្នំក្រពើ ឃុំព្រៃរំដេង ស្រុកគិរីវង់ ក្នុងខណៈពេលជនរងគ្រោះកំពុងជិះរថយន្តរបស់ខ្លួននៅលើដងផ្លូវ ដោយជនសង្ស័យបានភ្ជុងស្រែកឲ្យឈប់ ហើយគេបានប្រើពាក្យសំដីថា បា.ញ់បំបែកក្បាល។

លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានថ្លែងថា ក្រោយកើតហេតុ បន្ទាប់ពីទទួលពាក្យបណ្តឹង សមត្ថកិច្ចយើងក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានក្នុងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ។
អធិការនគរបាលស្រុកគិរីវង់ សូមបញ្ជាក់ថា: គឺជាមុខសញ្ញាខិលខូចក្នុងមូលដ្ឋាន ហើយក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនទៀតផង ។
បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការកសាងសំណុំរឿងតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

