ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង អ្នកបើកបរបើកលឿន ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យបុ.ករះរថយន្តស៊េរីទំនើប២គ្រឿង និងរថយន្តសាំយុង១គ្រឿង ម៉ូតូចំនួន២គ្រឿង បណ្តាលឲ្យស្ត្រីម្នាក់ រងរបួសបា.ក់ដៃ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនសួគា៍ ដើម្បីធ្វើការសង្រ្គោះដល់រូបគាត់។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង០០នាទីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចមុខបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ បើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិចមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2F-7319 បើកបរពីទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន សង្ស័យតែអ្នកបើកបរងងុយដេកមួយភាំង វិលមុខ បានរេចង្កូតទៅបុ.ករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿង ដែលធ្វើដំណើរបញ្រ្ចាសទិសគ្នា រួចបន្តទៅបុករថយន្តឡិចស៊ីស៣៣០មួយគ្រឿងទៀត និងជ្រុលទៅបុ.ករថយន្តសាំយុង និងម៉ូតូចំនួន២គ្រឿងទៀត ដែលនៅខាងមុខ បណ្តាលឲ្យស្ត្រីម្នាក់ រងរបួសបា.ក់ដៃ ចំណែករថយន្តស៊េរីទំនើប២គ្រឿង រងការខូចខាតទាំងស្រុង ទៅមុខលែងរួច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក និងរថយន្តដែលរងការខូចខាត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម






