បរទេស ៖ ស្របពេលអំពើហិង្សាកំពុងតែរាលដាលយ៉ាងខ្លាំងឡើង ហើយចំនួនអ្នកបាត់បង់ជីវិត កាន់តែកើនឡើងផងនោះ បែរជាប្រធានាធិបតីកាហ្សាក់ស្ថាន បានចេញបទបញ្ជាឲ្យកងទ័ព មិនចាំបាច់បា.ញ់ព្រមានលើហ្វូងបាតុករនោះទេ គឺបាញ់ឲ្យចំៗតែម្ដង ដែលនាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីមជ្ឈដ្ឋានអន្ដរជាតិ ខណៈអង្គការសហប្រជាជាតិអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ បង្កើនការអត់ធ្មត់។

បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រស៍ (Reuters) បានចេញផ្សាយ កាលពីល្ងាច ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ថា កងកម្លាំងសន្តិសុខបានគ្រប់គ្រងផ្លូវនានា នៃទីក្រុងសំខាន់ របស់ប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃសុក្រ ទី៧ ខែមករា ក្រោយពេលផ្ទុះអំពើហិង្សា អស់រយៈពេលជាច្រើនថ្ងៃ។ រីឯប្រធានាធិបតី នៃប្រទេសអាស៊ីកណ្ដាលមួយនេះ ដែលគាំទ្រដោយរុស្ស៊ីបាននិយាយថា លោកបានបញ្ជាឱ្យទាហានរបស់គាត់បា.ញ់ស.ម្លាប់ក្រុមបា.តុករ ដើម្បីបញ្ចប់នូវការបះ.បោរ នៅទូទាំងប្រទេស។
លោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន បានបញ្ជាក់ថា ក្រោយពេលមានបាតុកម្ម និងកុបកម្ម អស់រយៈពេលជិត១សប្ដាហ៍មកនេះ គាត់បានថ្លែង នៅថ្ងៃទី៧ ខែមករា ថា បទបញ្ជានេះ នឹងស្ដារស្ថានការណ៍ឡើងវិញ នៅក្នុងផ្នែកភាគច្រើន នៃប្រទេសអាស៊ីកណ្តាលដ៏ធំមួយនេះ។ រីឯកម្លាំងអនុវត្តច្បាប់កំពុងធ្វើការយ៉ាងលំបាកបំផុត។
លោកប្រធានាធិបតី បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទបញ្ជា តាមរដ្ឋធម្មនុញ្ញ ត្រូវតែស្ដារស្ថានការណ៍ឡើងវិញ ជាចម្បង នៅក្នុងគ្រប់តំបន់ទាំងអស់ ហើយប្រតិបត្តិការសន្តិសុខ នឹងបន្ត «រហូតទាល់បំផ្លិចបំផ្លាញពួកសកម្មប្រយុទ្ធអស់ទាំងស្រុង»។

ក្រសួងមហាផ្ទៃកាហ្សាក់ស្ថាន បានបញ្ជាក់ថា «ឧក្រិដ្ឋជនប្រដាប់អាវុធ» ចំនួន២៦នាក់ត្រូវបានក.ម្ទេច និងជាង៣ ០00នាក់ផ្សេងទៀត ត្រូវបានចាប់ឃុំខ្លួន ខណៈប៉ូលិស និងសមាជិកកងកម្លាំងឆ្មាំជាតិ ១៩នាក់ បានបាត់បង់ជីវិត ចាប់តាំងពីការផ្ទុះឡើងនូវការតវ៉ានេះ។
លោកប្រធានាធិបតីកាហ្សាក់ស្ថាន នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ នៅក្នុងការថ្លែងតាមទូរទស្សន៍ទៅកាន់ប្រទេសរបស់គាត់ថា គាត់បានបញ្ជាឲ្យកម្លាំងសន្ដិសុខអស់ បា.ញ់ទៅលើក្រុមបាតុករ ដោយមិនមែនជាការបា.ញ់ព្រមាននោះឡើយ។
ការផ្ទុះបាតុកម្ម រហូតឈានដល់អំពើកុប.កម្មនេះ បានកើតឡើង ក្រោយពេលតម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសកាហ្សាក់ស្ថាន ឡើងថ្លៃ។ ដោយឡែកប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាសស៊ីម ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) បានស្នើទៅកាន់អង្គការសន្ធិសញ្ញាសន្តិសុខរួម ដឹកនាំដោយរុស្ស៊ី ហៅកាត់ «CSTO» ដែលមានសមាជិក សរុប៦ប្រទេស សុទ្ធតែជារដ្ឋធ្លាប់ស្ថិតក្រោមអតីតសហភាពសូវៀត ឲ្យមកជួយទប់ស្កាត់នូវអ្វីដែលលោកហៅ«ក្រុមភេ.រវករ» ដែលទទួលបានការហ្វឹកហ្វឺនពីបរទេស៕រក្សាសិទ្ធិដោយ ៖ សារាយSN












