រដ្ឋធានីដាកា (Dhaka) ៖ ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដ៏ធំបំផុត នៅលើពិភពលោក ស្ថិតក្នុងស្រុក Cox’s Bazar ប្រទេសបង់ក្លាដែស ត្រូវបានភ្លើងឆេះ បណ្ដាលឲ្យមនុស្សយ៉ាងតិច ៥ ០០០នាក់ បាត់បង់ទីជម្រក កាលពីរសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។
សារព័ត៌មាន Arab News បានចេញផ្សាយ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ថា ប៉ូលិសបង់ក្លាដែស បានឲ្យដឹងថា មានមនុស្សរាប់ពាន់នាក់ បានបាត់បង់ទីជម្រករបស់ពួកគេ ក្រោយពេលភ្លើងឆេះជំរំរបស់ពួកគេ ដែលធ្វើពីដើមឫសី និង ក្រណាត់ទេសឯក។

ប៉ូលិសបង់ក្លាដែស បានបញ្ជាក់ថា ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដ៏ធំបំផុត នៅលើពិភពលោក ស្ថិតនៅភាគអាគ្នេយ៍ នៃប្រទេសបង់ក្លាដែល ត្រូវបានភ្លើងឆាបឆេះផ្នែកជាច្រើន ហើយបានបណ្ដាលឲ្យជនភៀសខ្លួន យ៉ាងតិច ៥ ០០០នាក់ បាត់បង់ជម្រក។
ជនជាតិភាគតិច ម៉ូស្លីមរ៉ូហ៊ីងយ៉ា ប្រហែល ៨៥០ ០០០នាក់ បានគេចខ្លួន រួចផុតជីវិត ចេញពីការធ្វើទុក្ខបុកម្នេញ និង ការកាប់សម្លាប់យ៉ាងឃោរឃៅ បង្កឡើង ដោយពួកយោធា នៅក្នុងអំឡុងឆ្នាំ២០១៧ នៅមីយ៉ាន់ម៉ា។ ជនភៀសខ្លួនទាំងនេះ បានមករស់នៅក្នុងជំរំ ស្ថិតក្នុងស្រុក Cox’s Bazar ដែលជាស្រុកជាយព្រំដែនរបស់ប្រទេសបង់ក្លាដែស។
លោក Kamran Hossain អ្នកនាំពាក្យ កងពលប៉ូលិសប្រដាប់អាវុធ ដែលដឹកនាំកងសន្ដិសុខទៅកាន់ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ទី៩ ខែមករា ឆ្នាំ២០២២ ថា ផ្ទះប្រហែល ១ ២០០ខ្នង ត្រូវភ្លើងឆេះអស់។ ភ្លើងបានចាប់ផ្ដើមឆាបឆេះ ចេញពីជំរំ១៦ ហើយវាបានរាលដាល ឆាបឆេះទីជម្រករបស់ជនភៀសខ្លួន ដែលធ្វើពីឫស្ស និង ក្រណាត់ទេសឯក។ គ្រោះអគ្គិភ័យនេះ បានធ្វើឲ្យជនភៀសខ្លួន ជាង៥ ០០០នាក់ បាត់បង់ទីជម្រក។

លោក Mohammed Shamsud Douza មន្រ្ដីរដ្ឋាភិបាលបង់ក្លាដែស ដែលទទួលបន្ទុកជនភៀសខ្លួន បានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ បានចាប់ផ្ដើម នាវេលាម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី៩ ខែមករា ឆ្នាំ២០២ ។ ប៉ុន្ដែរហូតដល់វេលាម៉ោង ៦ និង៣០នាំទីថ្ងៃដដែល ទើបក្រុមសង្គ្រោះបន្ទាន់ អាចគ្រប់គ្រងស្ថានការណ៍បាន។
ទោះជាយ៉ាងណា អាជ្ញាធរបង់ក្លាដែស មិនបានបញ្ជាក់ អំពីមូលហេតុ នៃគ្រោះអគ្គិភ័យនេះនៅឡើយ។ ចំណែកចំនួនអ្នករងគ្រោះថ្នាក់ ក៏ដូចជា ទំហំ នៃការខូចខាត ក៏នៅមិនទាន់បានដឹងភ្លាមៗដែរ។ នៅក្នុងអំឡុងខែមីនា ឆ្នាំកន្លងមកនេះ ធ្លាប់មានហេតុការណ៍គ្រោះអគ្គិភ័យបែបនេះ នៅក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដ៏ធំបំផុតរបស់ពិភពលោក នៅលើទឹកដីបង់ក្លាដែស ដោយបានសម្លាប់មនុស្ស១៥នាក់ ហើយជាង ៥០ ០០០នាក់ បាត់បង់ទីជម្រក៕ រក្សាសិទ្ធិដោយ ៖ សារាយSN






