ភ្នំពេញ ÷ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាកTACOMA មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន រេចង្កូតមកខាងឆ្វេងដៃ ឆ្លងបញ្រ្ចាសផ្លូវត្រូវរថយន្តដឹកខ្សាច់ បុ.កចំពីចំហៀងខាងឆ្វេងពេញទំហឹង ប៉ើងទៅផ្ទប់បង្គោលភ្លើង បណ្តាលឲ្យត្រូវម៉ូតូមួយគ្រឿងទៀត ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាកTacomaមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BH-6408 បើកបរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់រេចង្កូតទៅខាងឆ្វេងដៃ បញ្រ្ចាសផ្លូវ ឆ្លងទៅផ្លូវម្ខាងទៀត ស្រាប់តែភ្លាមនោះដែរ ក៏មានរថយន្តបែនដឹកខ្សាច់មួយគ្រឿង ពណ៌ស (បានដោះផ្លាកលេខចេញ) បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅបញ្រ្ចាសគ្នា ពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន ជាន់ហ្រ្វាំងមិនជាប់ ក៏ជ្រុលចង្កូតបុករថយន្តTacoma ចំពាក់កណ្តាលចំហៀងខាងឆ្វេង ពេញទំហឹង បណ្តាលឲ្យប៉ើងទៅផ្ទប់នឹងបង្គោលភ្លើង រងការខូចខាតធ្ងន់ធ្ងរ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់តៃកុងរថយន្ត និងអ្នករួមដំណើរតាមដងផ្លូវ រងការខូចខាត តែរថតន្តទាំងសងខាង និងម៉ូតូឌ្រីមសង់មួយគ្រឿងទៀត។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង យករថយន្តស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត






