រដ្ឋធានីវ៉ាស៊ីនតោន ៖ ពិតជារឿងដ៏ចម្លែក និងលើកដំបូងបំផុត នៅលើពិភពលោក ដោយសារក្រុមវេជ្ជបណ្ឌិតផ្នែកវះកាត់សហរដ្ឋអាមេរិក បានវះកា.ត់ប្ដូបេះដូងជ្រូក ដាក់ទៅនៅក្នុងខ្លួនរបស់អ្នកជំងឺវ័យ៥៧ឆ្នាំម្នាក់ ប្រកបដោយជោគជ័យ ហើយករណីនេះនឹងជួយដល់អ្នកជំងឺ នាពេលអនាគតផងដែរ។

បើតាមសារព័ត៌មាន The Times of Israel បានចេញផ្សាយ កាលពីរសៀល ថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ ថា ក្រុមវេជ្ជបណ្ឌិត នៅក្នុងមន្ទីរពេទ្យ Baltimore បានបញ្ជាក់ថា នៅក្នុងវេជ្ជសាស្ត្រដំបូងនេះ វេជ្ជបណ្ឌិតបានប្តូរបេះដូងជ្រូកទៅដាក់ក្នុងខ្លួនអ្នកជំងឺ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីសង្គ្រោះជីវិតរបស់គាត់ ហើយមន្ទីរពេទ្យរដ្ឋ Maryland បាននិយាយ កាលពីថ្ងៃចន្ទថា គាត់នឹងជាសះស្បើយបីថ្ងៃ បន្ទាប់ពីការវះកា.ត់ប្រកបដោយបទពិសោធន៍ខ្ពស់។
បើតាមសាលាវេជ្ជសាស្រ្ដ នៃសាកលវិទ្យាល័យម៉ារីឡែនដ៍ សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ ថា ដំណើរការវះកាត់ជាប្រវត្ដិសាស្រ្ដនេះ បានកើតឡើង កាលពីថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២។ នៅពេលនោះការព្យាករណ៍ សម្រាប់អ្នកជំងឺ គឺហាក់មិនមានភាពជាក់លាក់ តែករណីនេះ ក៏ជាហេតុការណ៍ដ៏សំខាន់ សម្រាប់ការប្ដូរបេះដូង ពីសត្វទៅមនុស្ស។

អ្នកជំងឺឈ្មោះ David Bennett អាយុ៥៧ឆ្នាំ ត្រូវបានគេចាត់ទុកថា មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការវះកាត់ប្តូរបេះដូងមនុស្ស។ ការសម្រេចចិត្តនេះ តែងតែធ្វើឡើង នៅពេលអ្នកជំងឺមានសុខភាពខ្សោយខ្លាំង។ បច្ចុប្បន្ន គាត់នឹងជាសះស្បើយឡើងវិញ ហើយកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់ពីដំណើរការរបស់សរីរាងថ្មីនេះ។
អ្នករស់នៅរដ្ឋម៉ារីឡែនដ៍ ( Maryland) បានថ្លែង មុនការវះកាត់ រយៈពេល១ថ្ងៃ ថា «ត្រូវស្លាប់ ឬត្រូវវះកាត់ ព្រោះខ្ញុំចង់រស់។ ខ្ញុំដឹងថា វាស្ថិតក្នុងទីងងឹត ប៉ុន្តែវាជាជម្រើសចុងក្រោយរបស់ខ្ញុំ» ។
លោក Bennett ដែលបានចំណាយពេលជាច្រើនខែចុងក្រោយនេះ នៅលើគ្រែ នៅលើម៉ាស៊ីនឆ្លងកាត់សួត បេះដូង បានបន្ថែមថា «ខ្ញុំទន្ទឹងរង់ចាំការចេញពីគ្រែ បន្ទាប់ពីខ្ញុំជាសះស្បើយ» ។
ដោយឡែក រដ្ឋបាលចំណីអាហារ និង ឱសថ បានផ្ដល់ការអនុញ្ញាតជាបន្ទាន់ សម្រាប់ការវះកាត់ នៅថ្ងៃបុណ្យណូអែល ដែលជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយ សម្រាប់អ្នកជំងឺ ដោយមិនអាចរង់ចាំដល់ការវះកាត់ប្តូរតាមធម្មតាបាន។

លោកវេជ្ជបណ្ឌិត Bartley Griffith ដែលបានវះកាត់ប្តូរបេះដូងជ្រូកនោះ បានថ្លែងថា៖ «នេះជាការវះកាត់បំបែកកំណត់ត្រាថ្មីមួយ ហើយវានាំឱ្យយើងខិតកាន់តែជិតមួយជំហាន ដើម្បីដោះស្រាយវិបត្តិកង្វះខាតសរីរាង្គ។ យើងកំពុងតែដំណើរការ ដោយប្រុងប្រយ័ត្ន ប៉ុន្តែយើងក៏មានសុទិដ្ឋិនិយម ថា ការវះកាត់លើកដំបូង ក្នុងពិភពលោកនេះ នឹងផ្តល់នូវជម្រើសថ្មីដ៏សំខាន់បំផុតមួយ សម្រាប់អ្នកជំងឺ នាពេលអនាគតថែមទៀតផង។
លោកវេជ្ជបណ្ឌិត Muhammad Mohiuddin ជាសហស្ថាបនិកកម្មវិធីប្តូរបេះដូងរបស់សាកលវិទ្យាល័យ Maryland បានឲ្យដឹងដែរថា ការវះកាត់បែបនេះ ជាចំណុចកំពូលនៃការស្រាវជ្រាវ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ពាក់ព័ន្ធនឹងការប្តូរ ពីជ្រូកទៅស្វាបាប៊ូន (Pig-to-baboon transplants ) ជាមួយនឹងរយៈពេលរស់រានមានជីវិត លើសពីប្រាំបួនខែ។ ចំណែកការវះកាត់ប្រកបដោយជោគជ័យនេះ បានផ្ដល់ព័ត៌មានដ៏មានគុណតម្លៃ ដើម្បីជួយដល់សហគមន៍វេជ្ជសាស្រ្ដ កែលម្អវិធីសាស្ត្រសង្គ្រោះជីវិតដ៏មានសក្តានុពលនេះ សម្រាប់អ្នកជំងឺ នាពេលអនាគត»៕ រក្សាសិទ្ធិដោយ ៖ សារាយSN






