ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា នៅឆ្នាំ២០២១-២០២២នេះ តម្លៃស្រូវមានការធ្លាក់ចុះបន្តិច បើធៀបនឹងឆ្នាំ២០២០ ដែលតម្លៃធ្លាក់ចុះនេះ មានគម្លាតគ្នាត្រឹមតែ ៥%ប៉ុណ្ណោះ បើប្រៀបធៀបទៅឆ្នាំ២០១៨ និង ឆ្នាំ២០១៩។ ការធ្លាក់ចុះតម្លៃស្រូវ ជាពិសេសស្រូវវស្សាក្នុងឆ្នាំ២០២១-២០២២នេះ គឺបណ្ដាលមកពីការរាតត្បាត ជាសកលនៃជំងឺកូវីដ-១៩ ដែលនាំឱ្យតម្លៃអង្ករលើទីផ្សារអន្តរជាតិ ធ្លាក់ចុះយ៉ាងគំហុក ជាពិសេសអង្ករក្រអូបបានធ្លាក់ ចុះពី ២០% ទៅ ២៥% ព្រមទាំងការកាត់បន្ថយទិញស្រូវពីបណ្តារោងម៉ាស៊ីនកិនស្រូវមួយចំនួន ដែលរងគ្រោះដោយ ការខាតបង់ដោយសារតម្លៃអង្ករក្រអូបនៅទីផ្សារអន្តរជាតិធ្លាក់ចុះ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ ៖ ការប្រមូលផលស្រូវរដូវប្រាំងរបស់ប្រជាកសិករ នារដូវប្រមូលផលខាងមុខនេះ អាចនឹងប្រឈមនឹងការធ្លាក់ចុះតម្លៃ ខណៈដែលតម្លៃផលិតកម្ម និងធាតុចូលកសិកម្មមានការកើនឡើង ដូចជា ប្រេងឥន្ទនៈ ជីគីមី និងថ្នាំកសិកម្ម បានហក់ឡើងថ្លៃខ្ពស់ទ្វេដង។
ឆ្លើយតបនឹងការប្រឈមនេះ ក្រសួងបានដាក់ចេញនូវវិធាការចំនួន៣ គឺជំរុញឲ្យមន្ទីរកសិកម្ម ណែនាំកសិករពីបច្ចេទេសផលិតស្រូវឲ្យបានទិន្នផលខ្ពស់, អំពាវនាវដល់អាជ្ញាធរខេត្តទំនាក់ទំនង ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ជួយទិញស្រូវក្នុងតម្លៃសមរម្យ និង អំពាវនាវឲ្យម្ចាស់រោងម៉ាស៉ីនកិនស្រូវ ទិញស្រូវដោយផ្ទាល់ពីកសិករ ឬធ្វើកិច្ចសន្យាកសិកម្ម។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានកិត្តិយសសូមជម្រាបជូនដល់សាធារណជន បណ្តាញសារព័ត៌មាន ក្រុមហ៊ុន ពាណិជ្ជករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សហគមន៍កសិកម្ម និងបងប្អូនប្រជាកសិករទាំងអស់ ជ្រាបថា នៅឆ្នាំ ២០២១-២០២២នេះ ការប្រមូលផលស្រូវនៅប្រទេសកម្ពុជាយើងស្ទើរតែបញ្ចប់ទាំងស្រុងហើយ ដោយទទួលទិន្នផល ស្រូវសរុបប្រមាណជាង១២,២១លានតោន ដែលមានការកើនឡើងប្រមាណ ១១,៦% បើធៀបនឹងឆ្នាំ២០២០។ ចំពោះការនាំចេញអង្ករផ្លូវការសម្រេចបានចំនួន ០,៦១៧លានតោន មានការថយចុះប្រមាណ ១០,៦៨% បើធៀបនឹង ឆ្នាំ២០២០។ ដោយឡែក ការនាំចេញស្រូវទៅប្រទេសជិតខាងបានរហូតដល់ចំនួន ៣,៥៣លានតោន មានការកើនឡើង ចំនួន ៦១,១៦% បើធៀបនឹងឆ្នាំ២០២០។

ជាមួយគ្នានេះ នៅឆ្នាំ២០២១-២០២២នេះ តម្លៃស្រូវមានការធ្លាក់ចុះបន្តិច បើធៀបនឹងឆ្នាំ២០២០ ដែលតម្លៃធ្លាក់ចុះនេះ មានគម្លាតគ្នាត្រឹមតែ ៥%ប៉ុណ្ណោះ បើប្រៀបធៀបទៅឆ្នាំ២០១៨ និង ឆ្នាំ២០១៩។ ការធ្លាក់ចុះតម្លៃស្រូវ ជាពិសេសស្រូវវស្សាក្នុងឆ្នាំ២០២១-២០២២នេះ គឺបណ្ដាលមកពីការរាតត្បាត ជាសកលនៃជំងឺកូវីដ-១៩ ដែលនាំឱ្យតម្លៃអង្ករលើទីផ្សារអន្តរជាតិធ្លាក់ចុះយ៉ាងគំហុក ជាពិសេសអង្ករក្រអូបបានធ្លាក់ ចុះពី ២០% ទៅ ២៥% ព្រមទាំងការកាត់បន្ថយទិញស្រូវពីបណ្តារោងម៉ាស៊ីនកិនស្រូវមួយចំនួន ដែលរងគ្រោះដោយ ការខាតបង់ដោយសារតម្លៃអង្ករក្រអូបនៅទីផ្សារអន្តរជាតិធ្លាក់ចុះ។ កន្លងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំធ្វើការសហការជាមួយវិស័យឯកជន ជាពិសេសសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីជំរុញដល់សមាជិករបស់ ខ្លួនឱ្យជួយទិញស្រូវក្នុងតម្លៃសមរម្យពីបងប្អូនប្រជាកសិករ និងតាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាប់ព្រំដែនជាមួយប្រទេសវៀតណាម ជំរុញដល់ដំណើរការនាំចេញនៅគ្រប់ច្រកទាំងអស់ ដើម្បីកាត់បន្ថយភាពរាំងស្ទះ លើការនាំចេញស្រូវទៅលក់នៅប្រទេសវៀតណាម។
នៅពេលដ៏ខ្លីខាងមុខនេះ ការប្រមូលផលស្រូវរដូវប្រាំងនឹងចាប់ផ្តើម ហើយប្រជាកសិករមានការព្រួយបារម្ភ ចំពោះតម្លៃស្រូវប្រាំងដែលអាចប្រឈមនឹងការធ្លាក់ចុះតម្លៃ ខណៈដែលតម្លៃផលិតកម្ម និងធាតុចូលកសិកម្មមាន ការកើនឡើង ដូចជា ប្រេងឥន្ទនៈ ជីគីមី និងថ្នាំកសិកម្ម បានហក់ឡើងថ្លៃខ្ពស់ទ្វេដង ដោយសាររោងចក្រកាត់បន្ថយ ការផលិត និងតម្លៃដឹកជញ្ចូនកើនឡើងខ្ពស់។ ដើម្បីចូលរួមលើកកម្ពស់ផលិតភាពដំណាំស្រូវ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមចាត់វិធានការ និងអំពាវនាវដូចខាងក្រោម៖
១-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តចុះណែនាំប្រជាកសិករក៏ដូចជាសហគមន៍កសិកម្ម អំពី បច្ចេកទេសផលិតកម្មដំណាំស្រូវឱ្យទទួលបានទិន្នផលខ្ពស់ តាមរយៈការប្រើប្រាស់ធាតុចូលកសិកម្មឱ្យបានត្រឹមត្រូវ តាមបច្ចេកទេស កាត់បន្ថយការចំណាយក្នុងផលិតកម្ម និងធានាបានគុណភាពស្រូវស្របតាមស្តង់ដារ។

២-អាជ្ញាធរខេត្តត្រូវខិតខំទំនាក់ទំនង និងបង្កលក្ខណៈងាយស្រួល ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ វិស័យ ឯកជននានាក្នុងតំបន់ក្នុងការទទួលទិញស្រូវរបស់កសិករក្នុងតម្លៃសមរម្យ និងជួយសម្រួលឱ្យមានជម្រើសច្រើនដល់ កសិករក្នុងការលក់ស្រូវជាជាងលក់ឱ្យតែឈ្មួញដែលមានលក្ខណៈផ្តាច់មុខ។
៣-វិស័យឯកជន ជាពិសេសម្ចាស់រោងម៉ាស៊ីនកិនស្រូវ ចូលរួមសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ធ្វើការ សម្របសម្រួលលើការទំនាក់ទំនងដោយផ្ទាល់ ជាមួយសហគមន៍កសិកម្មក្នុងតំបន់របស់ខ្លួនក្នុងការលក់ស្រូវដោយផ្ទាល់ និងឈានដល់ការធ្វើផលិតកម្មតាមកិច្ចសន្យាជាមុន។
អាស្រ័យហេតុនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមថា បណ្តាញសារព័ត៌មាន ក្រុមហ៊ុន ពាណិជ្ជករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សហគមន៍កសិកម្ម និងបងប្អូនប្រជាកសិករជ្រាប និងចូលរួមសហការ ដើម្បីជា ប្រយោជន៍ដល់ប្រជាកសិករយើង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






