នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យទីតាំង នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក៏បានជួបសួរសុខទុក្ខ និងនាំអំណោយជាគ្រឿងឧបភោគបរិភោគ ផ្តល់ជូនបងប្អូនពលរដ្ឋភៀសសឹកចំនួន៧៦គ្រួសារ ដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលពាក់ព័ន្ធ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។ រក្សាសិទ្ធដោយ៖សុទ្ធលី














