Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយសំឡេងឆ្លងឆ្លើយ លោក ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដាក់កំហិតគ្រូពេទ្យបង់លុយចូលក្របខ័ណ្ឌរដ្ឋ និងកេងប្រវ័ញ្ចលុយបេសកកម្មកូវីដូ-១៩

ប៉ោយប៉ែត ៖ បុគ្គលិកពេទ្យ នៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បន្តទម្លាយរឿងប្រធានមន្ទីរពេទ្យមួយនេះ ប្រព្រឹត្តិអំពើពុករលួយ យកលុយពីគ្រូពេទ្យ ដើម្បីទទួលបានក្របខ័ណ្ឌរដ្ឋពេញលេញ, ជាក់ស្ដែង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ មជ្ឈមណ្ឌលព័ត៌មាន CEN បានទទួលសារសំឡេង និងលិខិតផ្សេងៗពីក្រុមគ្រូពេទ្យដែលរងនូវការខាតបង់ប្រាក់ គឺ បុគ្គលិកពេទ្យ នៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បាននិយាយឆ្លើយឆ្លងគ្នា ពីការសូកលុយកាក់ ចាប់ពីចំនួន ៥០០០ដុល្លារ (ប្រាំពាន់ដុល្លារ) ដល់ ១៥០០០ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លា) ឯណោះ ឲ្យទៅលោក ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដើម្បីទទួលបានក្របខ័ណ្ឌរដ្ឋពេញសិទ្ធិ។

តាមសំឡេងឆ្លងឆ្លើយរវាងគ្រូពេទ្រ ជាច្រើននាក់បានឲ្យដឹងថា អ្នករត់ការយកក្របខ័ណ្ឌពេទ្យធម្យម បានចំណាយលុយចំនួន ៧៥០០ដុល្លារ (ប្រាំពីរពាន់ប្រាំរយ ដុល្លារ) , យកក្របខ័ណ្ឌ វេជ្ជបណ្ឌិត (ឌុកទ័រ) ចំណាយចំនួន ១៥០០០ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លា)។

ការសូកលុយដើម្បីទទួលក្របខ័ណ្ឌរដ្ឋនេះ កើតឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានប្រកាស ផ្តល់ក្របខ័ណ្ឌពេទ្យជាង ៣០០០នាក់បន្ថែម ចំពោះគ្រូពេទ្យ ដែលស្ម័គ្រចិត្តចូលរួមព្យាបាលជំងឺកូវីដ-១៩ បើទោះជាពេទ្យកិច្ចសន្យាក៏ដោយ។ ការប្រកាសនេះរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី មិនតម្រូវឲ្យបង់ថវិការទៅលើអ្វីមួយ ឬទៅលើអ្នកណានោះទេ តែត្រូវតែចូលរួមក្នុងសកម្មភាពព្យាបាល ថែទាំ អ្នកជំងឺកូវីដ-១៩តែប៉ុណ្ណោះ ដែលជាការចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងវិស័យសុខុមាលភាពសាធារណៈ។

សំឡេងក្នុងឃ្លីបមួយដែលមានរយៈពេល ៥ នាទី និង១៣ វិនាទី បានបង្ហាញថា គ្រូពេទ្យ ឈ្មោះ រ័ត្ន និងម្នាក់ទៀត ជាក្មួយរបស់ឈ្មោះ សម្បត្តិ ត្រូវបង់លុយតាមគណនីធនាគា ដែលពួកគាត់មិនស្គាល់ឈ្មោះអ្នកទទួល ចំនួន ៥០០០ដុល្លា (ប្រាំពាន់ដុល្លា) ក្នុងម្នាក់ ដើម្បីទទួលបានក្របខ័ណ្ឌ បម្រើការងារនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។

សំឡេងក្នុងឃ្លីបមួយទៀត ដែលមានរយៈពេល ១០នាទី និង៥ វិនាទី បានបង្ហាញថា លោក ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានប្រើឈ្មោះពេទ្យខ្មោច ដើម្បីបើកប្រាក់ដែលរាជរដ្ឋាភិបាលផ្តល់ជូនគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ ក្នុង១ថ្ងៃ ៥០$ (ហាសិបដុល្លា) “ឧទារហណ៍ថា ៖ ក្រដាសស៊ីញ៉េ យើងធ្វើការបាន១០ថ្ងៃ… ប៉ុន្តែឈ្មោះអ្នកធ្វើការពិតប្រាកដ មានតែ ៥ថ្ងៃ ទេ! ប៉ុន្តែនៅលើក្រដាសស៊ីញ៉េបើកលុយឯណាវិញ មានចំនួន ១០ថ្ងៃ, ហើយក្រោយបើកលុយយើងត្រូវផ្ញើទៅខាងគណនីពេទ្យចំនួន ៥ថ្ងៃ វិញ។ ដោយឡែក ពេទ្យ ឈ្មោះ ហេង ធ្វើការបានចំនួន មួយខែ តែបើកប្រាក់បានចំនួនតែ ១៥ថ្ងៃ ប៉ុណ្ណោះ ហើយក្រោយមកឈ្មោះនេះត្រូវបានផ្ទេរចេញពីមន្ទីរពេទ្យដោយមិនដឹងមូលហេតុ។

សំឡេងក្នុងឃ្លីបដដែល ក៏បានបង្ហាញផងដែរថា ប្រធានមន្ទីរពេទ្យក៏បានកាត់បន្ថយលុយឧបត្ថម្ភ ដល់គ្រូពេទ្យដែលទទួលខុសត្រូវលើសពកូវីដ-១៩ផងដែរ។ ឃ្លីបសំឡេងមួយទៀត ដែលមានរយៈពេល ១០នាទី និង ៨វិនាទី បានបង្ហាញថា គ្រូពេទ្យឈ្មោះ វណ្ណា បានចំណាយលុយចំនួនប្រាំពាន់ដុល្លារ ក្នុងតម្លៃប្រម៉ូសិនពិសេស ស្របពេល បុគ្គលិក ឈ្មោះ ថុនា បានបម្រើការងារជាបុគ្គលិកបណ្តែតចំនួន១០ឆ្នាំហើយ តែមិនអាចទទួលបានឈ្មោះក្នុងក្របខ័ណ្ឌរដ្ឋ ដោយសារលោកមិនបានដាក់លុយ។

សំឡេងដដែលបានបន្ថែមថា គ្រូពេទ្យបង្អែកប៉ោយប៉ែត ប្រមាណជា ១០នាក់ បានចំណាយលុយ ដើម្បីទទួលបានក្របខ័ណ្ឌជាគ្រូពេទ្យរដ្ឋ ដោយគ្រូពេទ្យម្នាក់ៗ ចំណាយលុយចំនួនខុសៗគ្នា ហើយពេទ្យខ្លះផ្ញើលុយតាមគណនីធនាគាផ្សេងៗពីគ្នា។

លោកវេជ្ជបណ្ឌិតម្នាក់ និយាយក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា រឿងដែលមិនមានភាពប្រក្រតីមួយទៀតនោះគឺ ឈ្មោះមន្ត្រីពេទ្យដែលកំពុងសម្រាកមាតុភាព អ្នកគ្រូពេទ្យខ្លះ ពពោះជិតគ្រប់ខែ ពេទ្យខ្លះកំពុងថែកូននៅផ្ទះ ក៏ទទួលបានឈ្មោះស៊ីប្រាក់កូវីដ-១៩ដែរ, ដែលតាមពិទៅ គឺ លោក ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ប្រមូលវេចខ្លួនឯងទាំងអស់។ ទង្វើនេះ ក្រុមគ្រូពេទ្យដែលស្មោះត្រង់នឹងការងារ ពិតជាមិនអាចទទួលយកបានទេ ព្រោះវាជាការបោកប្រាស់ទំនុកចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធាន គណ:កម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងជាការកេងប្រវ័ញ្ច គៃបំបាត់ថវិកាជាតិ។

ទាក់ទងនឹងថវិកាជាតិចំណាយលើការទប់ស្កាត់កូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចាត់ចែង ដឹកនាំ សម្របសម្រួល បញ្ជា អនុវត្តវិធានការគ្រប់បែបយ៉ាង ទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីទប់ស្កាត់ បង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហកមន៍ ព្រោះបុព្វហេតុសុខុមាលភាពប្រជាជនគ្រប់រូប ហេតុអ្វីលោកប្រធានមន្ទីរពេទ្យរូបនេះ កេងប្រវ័ញ្ចលុយជាតិ។

លើបញ្ហានេះ លោក សួន សុផល ប្រធានគណនេយ្យ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា សំឡេងដែលបែកធ្លាយនេះ គឺពិតជាគ្រូពេទ្យដែលបម្រើការនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត មែនហើយ, តែរឿងដោះដូរលុយកាក់ ដើម្បីទទួលបានក្របខ័ណ្ឌគ្រូពេទ្យរដ្ឋ យ៉ាងណានោះ លោកមិនបានទទួលដឹងនោះទេ ព្រោះឈ្មោះអ្នកត្រូវចូលក្របខ័ណ្ឌ គឺ ខាងរដ្ឋបាល និងប្រធានមន្ទីរពេទ្យជាអ្នករៀបចំ។

ករណីអាស្រូវនេះ លោក ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដែលរងនូវការចោទប្រកាន់របស់ក្រុមគ្រូពេទ្យ CEN យើង មិនអាចសុំការឆ្លើយតបបានទេ ដោយទូរស័ព្ទចូលជាច្រើនលើកតែគ្មានអ្នកទទួល, តទៅនេះ មជ្ឈមណ្ឌលព័ត៌មាន CEN រង់ចាំការបកស្រាយដោយរីករាយពី លោក ឱក ទីនណា ហើយសន្យាថា ប្រសិនបើមានការប្រែប្រួលលើករណីនេះយ៉ាងណាទៀតនោះ យើងនឹងផ្សាយបន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×