Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី បុរី VIP អតិថិជន និងមន្ត្រីអាជ្ញាធរ ឈានដល់ការសម្រុះសម្រួល ហើយថា ម្ចាស់បុរី ចាប់ផ្ដើមសម្រុកសាងសង់បន្ទាប់ពីកូវីដ-១៩ បានធូរស្រាល

ភ្នំពេញ ៖ យោងតាមកំណត់ហេតុប្រជុំ ក្រោយការសម្រុះសម្រួលរវាងបុរី VIP និង អតិថិជន ដែលមានមន្ត្រីអាជ្ញាធរចូលរួមផងនោះ ពោលគឺ ការសម្របសម្រួលក្រោមការដឹកនាំរបស់ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ជាសាក្សី ជុំវិញការប្រតិកម្មរបស់អតិថិជន អំពីអ្វីដែលអតិថិជនលើកឡើងថា ការសាងសង់មានការយឺតយ៉ាវ, ប៉ុន្តែយ៉ាងណាក៏ដោយ ខាងមន្ត្រីអាជ្ញាធរ និងខាងភាគី បុរីវី អាយភី បានលើកឡើងថា ការយឺតយ៉ាវ ព្រោះបញ្ហាកូវីដ-១៩, ហើយថា ការសម្រុះសម្រួល បានបង្ហាញពីដំណោះស្រាយជាវិជ្ជមានហើយ ដោយឈានដល់ការឯកភាពគ្នាលើចំណុចភាគច្រើន។

លោក ស៊ុំ ស៊ីដេត ប្រធានគ្រប់គ្រង បុរី VIP ជាតំណាងឱ្យ លោក ហម រ៉ន និង លោក វ៉ន វណ្ណៈ នាយកក្រុមហ៊ុន បុរីវីអាយភី បានលើកឡើងថា ដើម្បីបញ្ចប់នូវភាពចម្រូងចម្រាស់ គឺក្នុង ឆ្នាំ២០២២ នេះ ក្រុមហ៊ុននឹងសម្រេចឱ្យបាននូវផែនការហិរញ្ញវត្ថុ បញ្ចប់គម្រោងសាងសង់ផ្ទះទាំងអស់ ជូនដល់ប្រជាពលរដ្ឋ និងចេញបណ្ណកម្មសិទ្ធិជាផ្លូវការជូនដល់ម្ចាស់ផ្ទះនីមួយៗទៅតាមលំដាប់ទៀតផង។ ក្នុងកិច្ចប្រជុំជាមួយលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ នាពេលថ្មីៗនេះ លោក ស៊ុ ស៊ីដេត តំណាងក្រុមហ៊ុន បុរី វីអាយភី ប្រកាសថានឹងមិនធ្វើឱ្យមានការយឺតយ៉ាវក្នុងការប្រគល់ផ្ទះជូនអតិថិជនដូចពេលកូវីដ-១៩ កំពុងផ្ទុះឡើងនោះទៀតឡើយ។

មកទល់ពេលនេះ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់រួចរាល់លើសពី ៨០ភាគរយរួចហើយ ហើយបញ្ហាដែលបានយឺតយ៉ាវ រហូតធ្វើឱ្យអ្នកខ្លះផ្ទុះការតវ៉ានោះ មិនមែនជាចេតនារបស់ក្រុមហ៊ុននោះទេ ប៉ុន្តែគឺវិបត្តិកូវីដ-១៩ ដែលបានរាំងស្ទះក្នុងគម្រោងសាងសង់តែម្ដង។ បញ្ហាកូវីដ-១៩ ធ្វើឲ្យប៉ះពាល់ដំណើរការសេដ្ឋកិច្ចនេះ មិនមែនត្រឹមតែក្រុមហ៊ុន បុរី វីអាយភី មួយប៉ុណ្ណោះទេក្រុមហ៊ុនរាប់សិបរាប់រយផ្សេងទៀត ក៏ត្រូវបានរាំងស្ទះដោយសារកូវីដ-១៩នេះដែរ, ព្រោះថា ពេលផ្ទុះជំងឺរាតត្បាតកាចសាហាវកូវីដ-១៩ នេះ កម្មករភាគច្រើនមិនហ៊ានមកធ្វើការ, មួយផ្នែកទៀត គឺដោយសារតែកត្តាសម្ភារ:សំណង់ស្ទើរគ្រប់ផ្នែក ដែលក្រុមហ៊ុនបានកុម្ម៉ង់ដើម្បីពន្លឿនដល់ការសាងសង់ ក៏ត្រូវបានរាំងស្ទះ ព្រោះតែច្រកដឹកជញ្ជូនមួយចំនួនត្រូវបានរាំងខ្ទប់ (បិទផ្លូវ ឬបិទខ្ទប់ការចេញចូល)។

លោក ស៊ុំ ស៊ីដេត បានធ្វើការពន្យល់ថា បញ្ហាដែលក្រុមហ៊ុនបានជួបប្រទះ គឺដោយសារតែកូវីដ-១៩ផ្ទុះខ្លាំង ស្របពេលដែលមានអតិថិជនជាច្រើន មានការពន្យារពេលបង់លុយ និងខ្លះស្នើសុំមិនបង់តែម្ដង ដែលតម្រូវឱ្យក្រុមហ៊ុនក៏ត្រូវមានការយោគយល់ រហូតដល់មានបញ្ហាធ្ងន់ធ្ងរធ្លាក់មកលើខ្លួនឯង។ ក្នុងនោះ ការបង្រួមក្បាលដី បញ្ហាដូរប្រភេទក្បាលដីក្នុងកាបំបែកក្បាលដី ជូនដល់ពលរដ្ឋ ក៏ត្រូវប្រើពេលវេលាផងដែរ ដោយកិច្ចការខ្លះត្រូវធ្វើការពីចម្ងាយ ឬតាមអនឡាញ ទើបការងារកន្លងមក មានភាពយឺតយ៉ាវ ហើយបង្កឱ្យអតិថិជនខ្លះមានរឿងអន់ចិត្ត ក៏កើតទៅជាវិវាទប្ដឹងតវ៉ា។

នៅចំពោះមុខ លោកស្រី គឹម ញឹប អភិបាលខ័ណ្ឌដង្កោ លោក ស៊ុំ ស៊ីដេត បានបញ្ជាក់ថា គម្រោងផ្ទះទាំងអស់របស់ក្រុមហ៊ុន បុរី វីអាយភី នៅភ្នំពេញ នឹងមិនឱ្យយឺតយ៉ាវទៀតទេ ហើយក្រុមហ៊ុនត្រូវតែសម្រេចប្រគល់ផ្ទះជូនដល់អតិថិជនមិនឱ្យហួសពីចុងឆ្នាំ២០២២នេះឡើយ ដោយក្រុមហ៊ុននឹងធ្វើបណ្ណបំបែកក្បាលដីជាបន្តបន្ទាប់ ហើយឱ្យបានលឿនបំផុត ក្រោយការប្រគល់ផ្ទះជូន។ ក្រុមហ៊ុន បានដាក់កំហិតឱ្យក្រុមការងារសាងសង់ ត្រូវតែបញ្ចប់ការសាងសង់ ឱ្យបានទាំងស្រុង នៅចុងខែធ្នូ ក្នុងឆ្នាំ២០២២ ដើម្បីឱ្យមានទំនុកចិត្តដល់គ្រប់អតិថិជន ក្រោយការព្រមព្រៀង។

លោកតំណាងក្រុមហ៊ុន បុរី វីអាយភី ថ្លែងបញ្ជាក់ទៀតថា ក្រុមហ៊ុនសូមទទូចឱ្យអតិថិជនមានការយោគយល់ ហើយប្រសិនបើ មានចម្ងល់ ឬ មានបញ្ហា ចង់ឱ្យក្រុមហ៊ុនធ្វើការដោះស្រាយ សូមទំនាក់ទៅកាន់ការិយាល័យ បុរី វីអាយភី ដែលស្ថិតនៅ ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ក្នុងខណ្ឌដង្កោ នៅត្រង់ច្រកចូលបុរី គ្រប់ម៉ោងធ្វើការ ចៀសវាងមិនបានជជែកគ្នា ហើយធ្វើការតវ៉ា។

នៅក្នុងកិច្ចប្រជុំ គេឃើញតំណាងអតិថិជនជាច្រើន បានទទួលយកដោយការពេញចិត្ត ដែលយោងតាមលិខិតកំណត់ហេតុផ្លូវការរបស់ លោក ស៊ុ ស៊ីដេត គឺអតិថិជនដែលទទួលយកដំណោះស្រាយនេះ គឺសុទ្ធតែអបអរសាទរ និងសប្បាយចិត្ត ដែលចរន្តនៃការឯកភាពនេះ ក៏បង្ហាញឱ្យឃើញកាន់តែច្បាស់ពីជំហរដោះស្រាយរបស់ក្រុមហ៊ុន បុរី វីអាយភី ទៅកាន់អតិថិជន ដើម្បីបញ្ចប់នូវរាល់បាតុភាពផ្សេងៗ បើទោះជាមានការមិនពេញចិត្តពីម្ចាស់លំនៅឋានខ្លះក្ដី។

ក្រឡេកទៅមើល បុរី វីអាយភី ឯណោះវិញ គេឃើញមានសកម្មភាពសាងសង់ពីសំណាក់កម្មករយ៉ាងគគ្រឹកគគ្រេងឡើងវិញ ខុសប្លែកពីពេលមុនផងដែរ, នេះជាការតាំងចិត្តរបស់ក្រុមហ៊ុន បុរី វីអាយភី ដើម្បីឱ្យការសាងសង់រួចរាល់មុនកំណត់, ហើយបើតាមការរំពឹងទុករបស់លោក ស៊ុ ស៊ីដេត គឺគម្រោងទាំងមូល នឹងអាចប្រគល់ផ្ទះជូនដល់អតិថិជនមុនកំណត់ ប្រសិនបើគ្មានការប្រែប្រួល ឬឧបសគ្គណាមួយ ដូច កូវីដ-១៩។

ផ្អែកតាមកិច្ចសម្របសម្រួលនេះ គេជឿជាក់ថា អតិថិជនពិតជាមើលឃើញពីបរិយាកាសដែលបានកើតឡើងនៅកម្ពុជា ហើយនឹងទទួលយកដំណោះស្រាយឈ្នះឈ្នះទាំងអស់គ្នាយ៉ាងពេញចិត្ត ស្របពេលដែលបុរីក៏បង្ហាញពីឆន្ទៈកាន់តែខ្លាំង ក្នុងការដោះស្រាយបញ្ហាជូនអតិថិជនទឹកគេចវេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×