ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ លក់ផលិតផលរចែកចាយ ឬលក់ឱសថ DEER FLACENTAគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបថា៖ យោង តាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ Healthy and Beuuty:NZ. Cambodia ដែលបានកំពុងផ្សព្វផ្សាយលក់ឱសថឈោ្មះ DEER PLACENTA គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការ គ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬ ព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួង សុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ផលិតផលឱសថ គ្មានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាលខាងលើ ជាបន្តទៀត ព្រោះ ផលិតផលនេះគ្មានប្រភពច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុវត្ថិភាពបានឡើយ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុក ខាងលើ និងជនពាក់ព័ន្ឋដទៃទៀតដែលបាន និងកំពុងផ្សព្វផ្សាយលក់ឱសថ DEER PLACENTA ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


