Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពូលវេជ្ជបណ្ឌិលថៃ អះអាងពីវីរុសបំប្លែងខ្លួន Omicron ជំនួស Delta

រាជធានីបាងកក ៖ ដោយសារអត្រាឆ្លងថ្មី នៃជំងឹកូវីដ-១៩ ឆ្លងក្នុង១ថ្ងៃ កើនឡើង រហូតដល់ជិត៣លាននាក់ ទើបកំពូលវេជ្ជបណ្ឌិតជំនាញខាងវីរុសជនជាតិថៃ បានចេញមុខមកអះអាងថា វីរុសបំប្លែងខ្លួនថ្មីអូមីក្រុង នឹងជំនួសវីរុស Delta ខណៈបច្ចុប្បន្ន Omicron បានរកឃើញ នៅក្នុងនៅក្នុងប្រទេសជាង១៤០ ក្នុងចំណោមដែនដី និង ប្រទេសចំនួន២២៤ ដែលមានករណីជំងឺកូវីដ-១៩។

បើតាមសារព័ត៌មាន The Nation បានចេញផ្សាយ នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ ដោយដកស្រង់ការចុះផ្សាយ នៅលើផេកបណ្ដាញសង្គមហ្វេសប៊ុករបស់លោកវេជ្ជបណ្ឌិត យ៉ុង ភូវ៉ូរ៉ាវ៉ាន់ (Yong Poovorawan) កំពូលអ្នកជំនាញវីរុស ជនជាតិថៃ បង្ហោះ នៅថ្ងៃពុធ ទី១២ ខែមករា ថា ឥឡូវនេះ វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) បានរកឃើញ នៅក្នុងប្រទេសជាង១៤០។ វីរុសអូមីក្រុង នឹងជំនួសវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី ប្រភេទ Delta នាពេលដ៏ឆាប់ៗនេះ។

លោកវេជ្ជបណ្ឌិត យ៉ុង ភូវ៉ូរ៉ាវ៉ាន់ (Yong Poovorawan) បានបន្ថែមថា វីរុស Omicron ថ្វីដ្បិតតែឆ្លងយ៉ាងលឿនបំផុតក៏ពិតមែន ប៉ុន្ដែជំងឺនេះ នៅតែមានកម្រិតធ្ងន់ធ្ងរទាបជាងវីរុសកូវីដ-១៩ផ្សេងៗទៀត។ ដោយឡែក អត្រា នៃអ្នកជំងឺ Omicron ត្រូវបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យ និង មរណភាព ក៏ទាបជាងបំផុតដែរ។

លោកវេជ្ជបណ្ឌិត យ៉ុង ភូវ៉ូរ៉ាវ៉ាន់ បានពន្យល់ថា ការប្រើប្រាស់ឧបករណ៍តេស្ដ RT-PCR និង ATK មានប្រសិទ្ធភាពដូចគ្នា។ ប៉ុន្ដែការធ្វើតេស្ត តាមរយៈឧបករណ៍តេស្ដ RT-PCR ភាគច្រើន ប្រើប្រាស់ហ្សែន N និង RdRp ដែលមានភាពប្រាកដប្រជា។ ចំណែកការធ្វើតេស្តរោគវិនិច្ឆ័យរហ័ស (RDT) រកឃើញ Nucleocapsids ដែលមានប្រសិទ្ធភាពជាងការស្វែងរកប្រូតេអ៊ីនកើនឡើង។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា Omicron អាចគេចពីការបង្កើតភាពស៊ាំ ដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ សូម្បីតែវ៉ាក់សាំង AstraZeneca និង វ៉ាក់សាំងប្រភេទ mRNA ក៏ដោយ។ រីឯការកើនឡើងនូវប្រូតេអ៊ីនរបស់វា នឹងប្រែប្រួល ទើបធ្វើឲ្យប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ថយចុះ។ ចំណែកនៅក្នុងអំឡុងពេលរបស់វាភ្ញាស់ក៏ខ្លីដែរ ដូច្នេះភាពស៊ាំខ្ពស់ ត្រូវការគ្រប់ពេល ដើម្បីការពារប្រឆាំងនឹងវីរុស Omicron ។ រីឯអ្នកជំងឺ ដែលបានចាក់វ៉ាក់សាំងរួចហើយ នឹងមានរោគសញ្ញាតិចតួច ហើយនឹងអាចជាសះស្បើយឆាប់បំផុតដែរ។

លោកវេជ្ជបណ្ឌិត យ៉ុង ភូវ៉ូរ៉ាវ៉ាន់ (Yong Poovorawan) កំពូលអ្នកជំនាញវីរុសជនជាតិថៃ បានបន្ថែមថា គ្រប់រលកកូវីដ-១៩ទាំងអស់ នឹងប៉ះពាល់ដល់សុខភាពរបស់មនុស្សជាតិ និង សេដ្ឋកិច្ច ហើយបញ្ហាសុខភាពផ្លូវចិត្ត ជារឿងសំខាន់ជាងសុខភាពរាងកាយទៅទៀត។

គេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅលើពិភពលោក មានករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ២ ៧២១ ០៦៥នាក់ និង មានករណីស្លាប់ថ្មី ៧ ៧៦៧នាក់។ នៅលើពិភពលោក មានអ្នកឆ្លងសរុប ជាង៣១៣,៨៥លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ជាង៥,៥២លាននាក់ និង មានអ្នកជាសះស្បើយ ជាង២៦១,៦១លាននាក់។ ចំណែកអ្នកជំងឺជាង៤៦,៧២លាននាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៩៥ ៣៤៦លាននាក់៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×