Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ស ខេង ដកហូតមុខតំណែង មេប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ជំរិតទារប្រាក់ពីយុវជនទាំងបីនាក់ ៣៥០០ដុល្លារជាថ្នូរនឹងការដោះលែង

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដកហូតមុខតំណែងលោក ហួត សីហា ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកគៀនស្វាយ ចំណុះស្នងការដ្ឋននគរបាលខេត្តកណ្តាល ។ ក្រៅពីដកតំណែងពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ លោកហួត សីហា ក៏ត្រូវបានបន្ថយឋានន្តរស័ក្តិ ពីវរសេនីយ៍ត្រីអោយមកត្រឹមអនុសេនីយ៍ឯក។

ការដកតំណែងនេះ គឺករណីចាប់យុវជន បីនាក់ ពាក់ព័ន្ធគ្រឿងញៀន ដោយជំរិតទារប្រាក់ពីយុវជនទាំងបីនាក់នោះ ចំនួន 3500$ ជាថ្នូរនឹងការដោះលែង។

បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបំភ្លឺឆ្លើយតបបណ្តាញសារព័ត៌មាន មួយចំនួនទៀត ដែលបានចុះផ្សាយជាបន្តបន្ទាប់ មានខ្លឹមសារចំណងជើងថា ៖ មហាជនរង់ចាំមើលថា តើវាសនារបស់លោក ហួត សីហា មេប៉ុស្តិ៍សំរោងធំមានវាសនាទៅជាយ៉ាងណា? ដែលបានចាប់ករណីគ្រឿងញៀនទៅលើយុវជន៣នាក់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ នៅចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយជំរិតទារប្រាក់ពីយុវជនទាំងបីនាក់នោះ ចំនួន 3500$ ជាថ្នូរនឹងការដោះលែង។

ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យការិយាល័យបុគ្គលិកចុះស្រាវជ្រាវករណីខាងលើ។

បន្ទាប់ពីការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះស្រាវជ្រាវនិងសួរនាំបានឱ្យដឹងថា លោកវរសេនីយ៍ត្រី ហួត សីហា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានអនុវត្តខុសនីតិវិធី។ ហើយលោកវរសេនីយ៍ត្រី ហួត សីហា ត្រូវបានអនុវត្តវិន័យ និងសួរនាំបន្ថែម នៅការិយាល័យបុគ្គលិក រង់ចាំការសម្រេចពីគណៈស្នងការ និងធ្វើរបាយការណ៍សុំគោលការណ៍បន្ថែម ទៅថ្នាក់ជាតិដើម្បីពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់។

អនុលោមប្រកាសលេខ ០៤៩ប្រក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ត្រូវបានអនុវត្តវិន័យចំពោះវរសេនីយ៍ត្រី ហួត សីហា អត្តលេខ ៥៨១១១ ក្រោមរូបភាពដកហូតមុខតំណែង ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ឱ្យមកជាមន្រ្តី និងបន្ថយឋានន្តរស័ក្កចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ឯក។ មូលហេតុៈ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ៕ រក្សាសិទ្ធិ ដោយ ៖ ចេស្តារ

×