ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះ រំពឹងទទួលបានប្រមាណ៤,៥ និងនៅឆ្នាំ២០២៣ បានត្រូវព្យាករណ៍ថាប្រមាណ៥,៥%។ នេះបើយោងតាមរបាយការណ៍ របស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២។
របាយការណ៍ដដែលនេះ បានបន្តថា សេដ្ឋកិច្ចរបស់កម្ពុជា និងប្រទេសអាស៊ានមួយចំនួនទៀត ដូជាម៉ាឡេស៊ី ហ្វីលីពីន និងថៃ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ មិនត្រូវបានគេរំពឹងថា នឹងងើបឡើងវិញដល់កម្រិត មុនជំងឺរាតត្បាតរហូតដល់ឆ្នាំ២០២២ ឬឆ្នាំ ២០២៣ ឡើយ។
វត្តមាននៃវីរុសបំប្លែង «អូមីក្រុង» អាចរំខានដល់ការងើបឡើងវិញ នៃឧស្សាហកម្មទេសចរណ៍ និងទេសចរណ៍ស្របគ្នានឹងហានិភ័យ ហិរញ្ញវត្ថុ ដែលបានកើនឡើងជាមួយនឹងកំណើននៃបំណុល និងភាពងាយរងគ្រោះពីគ្រោះធម្មជាតិ និងព្រឹត្តិការណ៍ដែលទាក់ទងនឹងអាកាសធាតុ។

របាយការណ៍បានបន្តទៀតថា ការប្រឈមនឹងការកើនឡើងវិញនូវករណីឆ្លងជំងឺកូវីដ១៩ អាចនឹងធ្វើឱ្យការស្តារសេដ្ឋកិច្ចរបស់កម្ពុជា មានភាពយឺតយ៉ាវ ជាពិសេសវិស័យសេវាកម្ម សំណង់ និងអចលនទ្រព្យ បន្ទាប់ពីនៅឆ្នាំ២០២១ ត្រូវបានកែ សម្រួលពី៤ភាគរយ មកនៅត្រឹមជាង២ភាគរយវិញ បន្ទាប់ពីវិស័យទេសចរណ៍ និងការធ្វើដំណើរ ដែលត្រូវបានព្យាករ ណ៍ ថា បានផ្តល់ការងារប្រហែល ២លានកន្លែង និងបានរួមចំណែកមួយភាគបួន (១/៤) នៃផលិតផលសរុបក្នុងស្រុក ក្នុងអំឡុងមុនពេលជំងឺរាតត្បាត ត្រូវបានបាត់បង់ស្ទើរតែទាំងស្រុង។
បើយោងតាមរបាយការណ៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងស្ថិតក្នុងរង្វង់៥,៥% ក្នុងឆ្នាំ ២០២២ នេះដោយសារការ ងើបឡើង វិញ នៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា។
ចំណែកប្រមុខ រដ្ឋាភិបាលកម្ពុជា រំពឹងថាកម្ពុជា នឹងអាច មានកំណើន សេដ្ឋកិច្ច លើស៥% នៅឆ្នាំ២០២២ ដោយសារ ការនាំចេញ ផលិតផល កសិកម្ម៕ រក្សាសិទ្ធិដោយ ៖ សុភក្ត្រា



