ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ អាម៉ាន់ដា មីលលីង (Amanda Milling) អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នៅទីស្តីការក្រសួង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ។

ឯកឧត្តម ប្រាក់ សុខុន បានពាំនាំនូវការថ្លែងអំណរគុណរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តម បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស ដែលបានអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ ក្នុង កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំ ប្រកបដោយជោគជ័យ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរ គុណចំពោះចក្រភពអង់គ្លេស ដែលបានបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់កម្ពុជា រួមជាមួយ បណ្តាប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ផ្សេងទៀត និងបានការផ្តល់ជំនួយសេដ្ឋកិច្ច-សង្គម លើ វិស័យអប់រំ ការបោសសម្អាតមីន បរិស្ថាន និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ឯកឧត្តមបានកោតសរសើរចំពោះតួនាទីយ៉ាងសកម្មរបស់ចក្រភពអង់គ្លេសក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ និងការរួមវិភាគទានរបស់ចក្រភពអង់គ្លេសក្នុងការផ្តល់នូវវ៉ាក់សាំង អាស្រ្តាហ្សឺណឺកា (AstraZeneca) ចំនួន ៤១៥០០០ ដូស ជូនដល់កម្ពុជាសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា។ ឯកឧត្តម ប្រាក់ សុខុន ក៏បានអបអរសាទរចក្រភព អង់គ្លេស ដែលបានក្លាយជាដៃគូសន្ទនាទី១១ របស់អាស៊ាន ក្នុងរយៈពេល២៥ឆ្នាំមកនេះ និងបាន ទន្ទឹងដល់ការធ្វើការយ៉ាងជិតស្និទ្ធជាមួយចក្រភពអង់គ្លេស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន- អង់គ្លេស។

ជាការឆ្លើយតប លោកជំទាវ អាម៉ាន់ដា មីលលីង បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏ រឹងមាំរបស់កម្ពុជា ដល់ចក្រភពអង់គ្លេស ក្នុងការក្លាយជាដៃគូសន្ទនារបស់អាស៊ាន។ លោកជំទាវ បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ និងបានទន្ទឹង ដល់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស និងកិច្ចសហ ប្រតិបត្តិការអាស៊ាន-ចក្រភពអង់គ្លេស ជាពិសេសលើផែនការសកម្មភាពអាស៊ាន-ចក្រភពអង់គ្លេស សម្រាប់ឆ្នាំ២០២២-២០២៦។
ភាគីទាំងពីរបានកត់សម្គាល់នូវការថយចុះនៃទំហំពាណិជ្ជកម្ម ដោយសារតែផលប៉ះពាល់ នៃជំងឺកូវីដ-១៩ ទៅលើសកម្មភាពពាណិជ្ជកម្ម។ ក្នុងន័យនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកទឹកចិត្តឱ្យមានវិនិយោគិនពីចក្រភពអង់គ្លេសច្រើនថែមទៀតមកវិនិយោគនៅកម្ពុជា ដោយគិតគូរពិចារណាលើអត្ថប្រយោជន៍ពីការចូលទីផ្សារកម្ពុជា រួមមាន ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាដើម។

ភាគីទាំងពីរបានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចរបស់ ឯកឧត្ដម Dominic Raab កាល ពីខែមិថុនាកន្លងទៅ និងបានចែករំលែកនូវបំណងប្រាថ្នារួមដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នៅលើវិស័យផ្សេងៗ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសលើកិច្ចសហប្រតិបត្តិការ ដែលទាក់ទងនឹងពាណិជ្ជកម្ម។ ជាងនេះទៅទៀត ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការស្វែងរក ឱកាសបន្ថែមទៀត នៅក្នុងវិស័យផ្សេងៗនៃសហប្រតិបត្តិការ។
ឯកឧត្តម ប្រាក់ សុខុន បានស្នើឱ្យមានយន្តការពិគ្រោះយោបល់នយោបាយរវាងកម្ពុជា និងចក្រភពអង់គ្លេស។ ឯកឧត្ដម ក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះ «សម្ព័ន្ធមហា សមុទ្រសកលលោក» ដែលដឹកនាំដោយចក្រភពអង់គ្លេស និងការចូលរួមនៅក្នុង «ការរួបរួម មហិច្ឆតាខ្ពស់សម្រាប់ធម្មជាតិ និងមនុស្សជាតិ»។
ក្នុងអំឡុងពេលនៃជំនួប ឯកឧត្តម ប្រាក់ សុខុន ក៏បានជម្រាបជូនលោកជំទាវ អាម៉ាន់ដា មីលលីង អំពីអាទិភាពនានារបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅ នឹងបញ្ហាប្រឈមជាយុទ្ធសាស្រ្ត ដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមាន ការគ្រប់គ្រងជំងឺ រាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងដំណើរការស្តារឡើងវិញប្រកបដោយបរិយាប័ន្ន, ការគ្រប់គ្រងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បញ្ហាដែលជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់, និងការពង្រឹងភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំរបស់អាស៊ាន។

ចំពោះការវិវត្តសភាពការណ៍នៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូន លោកជំទាវ អាម៉ានដា មីលលីង អំពីគោលបំណងដ៏សំខាន់ និងលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី ០៧-០៨ ខែមករា ឆ្នាំ២០២២។ ឯកឧត្តមបានសង្កត់ធ្ងន់ថា សេចក្តីប៉ងប្រាថ្នាតែ១គត់របស់កម្ពុជា គឺជួយមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅ រកប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា និងសម្រេច បាននូវសន្តិភាព និងការបង្រួបបង្រួមជាតិ យូរអង្វែង ហើយដើម្បីសម្រេចគោលបំណងនេះបាន ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់នៅក្នុងដំណើរការនៃកិច្ចចរចារ។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺ ដើម្បីបំបែកការជាប់គាំង សម្រាប់វឌ្ឍនភាពជា ជំហានៗលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុច។ ដំណើរការសន្តិភាពណាមួយក៏ដោយដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ត្រូវតែ ដឹកនាំដោយមីយ៉ាន់ម៉ា និងធ្វើជាម្ចាស់ដោយមីយ៉ាន់ម៉ា។
លោកជំទាវ អាម៉ានដា មីលលីង បានថ្លែងអំណរគុណចំពោះឯកឧត្តម ប្រាក់ សុខុន ដែល បានជម្រាបជូនលោកជំទាវអំពីអាទិភាពរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងអំពី បច្ចុប្បន្នភាពស្តីពីភាពស្មុគស្មាញនៃវិបត្តិមីយ៉ាន់ម៉ា។ លោកជំទាវ បានអះអាងជាថ្មីម្តងទៀត អំពីការ ប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការគាំទ្រចំពោះមជ្ឈភាពអាស៊ាន និងបានទន្ទឹងដល់ការលើក កម្ពស់ទំនាក់ទំនងអាស៊ាន-ចក្រភពអង់គ្លេសបន្ថែមទៀត។
កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសប្រកបដោយការយោគយល់គ្នា ទៅវិញទៅមក និងត្រង់ទៅត្រង់មក និងប្រកបដោយភាពស្មោះត្រង់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

