ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត បានចាប់ខ្លួនឧកញ៉ា ប៉ែន នួន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ខា ដែនណា តំណាងអយ្យការអមសាលាដំបូងខេត្តកំពត។
ដីកានេះ បានចេញកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ។ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន គឺមានអ្នកខ្វែងដៃខ្វែងជើង រត់ការអន្តរាគមន៍ ដើម្បីធានាឧកញ៉ា ប៉ែន នួន ឲ្យនៅក្រៅឃុំ។
យោងតាមដីការបញ្ជាឲ្យចូលខ្លួនរបស់លោក ខា ដែនណា តំណាងអយ្យការអមសាលាដំបូងខេត្តកំពត គឺបានបញ្ជាឲ្យឈ្មោះ ប៉ែន នួន ចូលទៅបង្ហាញខ្លួន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ឲ្យបានមុនថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ដើម្បីសាកសួរ ករណីបណ្ដឹង របស់ឈ្មោះ ស៊ិន ប៊ុល ដែលបានប្ដឹងឧកញ៉ា ប៉ែន នួន ថា បានប្រព្រឹត្តបទល្មើសឆបោក។

សូមជម្រាបថា ឧកញ៉ា ប៉ែន នួន ដែលមានរឿងអាស្រូវជាច្រើន ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីឆ្នាំ២០២០ ម្តងរួចមកហើយ ពាក់ព័ន្ធទៅនឹងករណីឆបោក។ ហើយនៅដើមឆ្នាំ២០២២ នេះ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងទៀត ពាក់ព័ន្ធទៅនឹងករណីឆបោកដូចគ្នា៕ រក្សាសិទ្ធិដោយ ៖ CEN

