Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម សុខ ចិន្តាសោភា បញ្ជាក់ពីភាពចាំបាច់របស់កម្ពុជា ក្នុងការកែលម្អបរិស្ថានវិនិយោគ សំដៅជំរុញទាក់ទាញការវិនិយោគ ក្នុងគន្លងប្រក្រតីភាពថ្មី នៃវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជូនវិនិយោគិន ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ពីភាព ចាំបាច់របស់កម្ពុជា ក្នុងការកែលម្អបរិស្ថានវិនិយោគ សំដៅជំរុញទាក់ទាញការវិនិយោគ ក្នុងគន្លងប្រក្រតីភាព ថ្មីនៃវិបត្តិជំងឺកូវីដ-១៩ ដែលទាមទារឱ្យកម្ពុជា ប្រកាន់យកនូវអភិក្រមបុរេសកម្មជាងមុន ក្នុងការជំរុញនិង ទាក់ទាញវិនិយោគប្រកបដោយគុណភាពនិងចីរភាព។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបែបនេះនៅព្រឹកថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ ក្នុងពេលដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជូនវិនិយោគិន ដែលជាសមាជិកសភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជានិងវិនិយោគិនទូទៅ ដើម្បីផ្តល់ឱកាសឱ្យតំណាងក្រុមហ៊ុន ជាសមាជិកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ក៏ដូចជាវិនិយោគិនដទៃទៀត បានបានពិភាក្សាស្វែងយល់បន្ថែម ពីការវិវត្តថ្មីៗនៃបរិស្ថានវិនិយោគនៅកម្ពុជា ជាពិសេស ច្បាប់ស្តីពីវិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានព្រះមហាក្សត្រឡាយព្រហស្ថលេខា ប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។

ឯកឧត្តម សុខ ចិន្តាសោភា បានគូសបញ្ជាក់ពីភាព ចាំបាច់របស់កម្ពុជាក្នុងការកែលម្អបរិស្ថានវិនិយោគសំដៅ ជំរុញទាក់ទាញការវិនិយោគ ក្នុងគន្លងប្រក្រតីភាព ថ្មីនៃវិបត្តិជំងឺកូវីដ-១៩ ដែលទាមទារឱ្យកម្ពុជាប្រកាន់យកនូវអភិក្រមបុរេសកម្មជាងមុន ក្នុងការជំរុញនិង ទាក់ទាញវិនិយោគប្រកបដោយគុណភាពនិងចីរភាព។

បើតាមរដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងបន្តថា ក្នុងន័យនេះ កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការលើកកម្ពស់ជីវភាព និងឧត្តមភាពនៃបដិវត្តឧស្សាហកម្ម ៤.០ និងឌីជីថលូបនីយកម្ម នៅក្នុងច្បាប់វិនិយោគថ្មី ដោយបានដាក់បញ្ចូលក្របខ័ណ្ឌ នៃការលើកទឹកចិត្តឆ្លាតវៃ ដើម្បីទាក់ទាញការ វិនិយោគ ប្រកបដោយចីរភាព មកកាន់ព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។

ឯកឧត្តមបានបន្ថែមថា ដើម្បីជួយសម្រួលដល់ការតភ្ជាប់ប្រតិបត្តិការ រវាងវិនិយោគិនបរទេស ជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក និងលើកកម្ពស់ ការវិនិយោគប្រកបដោយចីរភាព នៅឆ្នាំ២០២១ កន្លងទៅ ក. អ. ក. ក្រោមកិច្ចសហប្រតិបត្តិការជាមួយ វេទិកាសេដ្ឋកិច្ចពិភពលោក បានដាក់ឱ្យដំណើរការនូវប្រព័ន្ធ ទិន្នន័យសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ អភិវឌ្ឍន៍ដោយចីរភាពតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (https://sd2.cdc.gov.kh) ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានលើកឡើងពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កិច្ច សម្រួលវិនិយោគ និងសេវាថែទាំវិនិយោគ ដល់វិនិយោគិនទាំងអស់ ដោយគ្មានការរើសអើង។ ក្នុងន័យនេះ ឯកឧត្តមបានសំណូមពរវិនិយោគិនអឺរ៉ុប ដែលស្វែងរកឱកាសវិនិយោគ ឬសម្លឹងរកមូលដ្ឋានពង្រីកផលិតកម្ម របស់ខ្លួន នៅក្នុងតំបន់ឱ្យជ្រើសយកប្រទេសកម្ពុជា ដោយឈរលើមូលដ្ឋាន ស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច, ការគ្រប់គ្រងបានយ៉ាងល្អប្រសើរ នៃការរាតត្បាតនៃជំងឺកូវីដ-១៩, និងការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងការត្រៀមចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងបើកចំហ ទីផ្សារនិងបង្កើនភាពទាក់ទាញវិនិយោគរបស់កម្ពុជាបន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×