Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដឹកជញ្ជូនទំនិញពីកម្ពុជា ទៅកាន់ប្រទេសចិន ធុរជនងាកទៅប្រើប្រាស់ផ្លូវទឹក ព្រោះផ្លូវគោក នៅតែកកស្ទះត្រង់ព្រំដែនប្រទេសវៀតណាមដដែល

ភ្នំពេញ ៖ បន្ទាប់ពីមានការកកស្ទះទំនិញនៅច្រកព្រំដែនវៀតណាម ក្នុងទិសដៅទៅកាន់ប្រទេសចិននោះ មកដល់ពេលនេះ គេពិនិត្យឃើញថា ការដឹកទំនិញពីកម្ពុជាទៅប្រទេសចិន ដោយឆ្លងកាត់ច្រកព្រំដែនគោកប្រទេសវៀតណាម និងការដឹកទំនិញពីវៀតណាម នាំចេញទៅប្រទេសចិនផងដែរនោះ នៅតែមានការកកស្ទះ, ប៉ុន្តែទោះជាយ៉ាងនេះក្ដី អ្នកមន្រ្តីជំនាញអះអាងថា ពេលនេះធុរជនកម្ពុជាដែលកំពុងកកស្ទះនៅវៀតណាម មិនទាន់រងការខាតបង់ខ្លាំងនោះទេ ខណៈអ្នកនាំចេញមួយចំនួន បានបញ្ចៀសមកនាំចេញតាមផ្លូវទឹកវិញហើយ។

ទាក់ទងបញ្ហានេះ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានឲ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ថា មកទល់នឹងពេលនេះ រថយន្តដឹកទំនិញពីវៀតណាម ទៅចិនប្រមាណ ៦ពាន់កុងតឺន័រ ហើយរថយន្តដឹកទំនិញដែលនាំចេញ ពីប្រទេសចិនមកវៀតណាម និងកម្ពុជា មានប្រមាណ ៨ពាន់កុងតឺន័រ កំពុងតែកកស្ទះនៅឡើយ។ ប៉ុន្តែ បើតាមព័ត៌មានដែលលោកទទួលបានចុងក្រោយនេះ គឺកុងតឺន័រដែលដឹកទំនិញពីចិន មក កម្ពុជាវិញ ត្រូវបានអនុញ្ញាតឱ្យចេញមកបានខ្លះៗជាបណ្តើរៗហើយ, លើកលែងតែកុងតឺន័រ ដែលដឹកចេញពីវៀតណាមចូលទៅប្រទេសចិន ដែលក្នុងនោះ ក៏មានកុងតឺន័រដឹកទំនិញពីកម្ពុជា ទៅចិនតាមច្រកវៀតណាមផងដែរ មិនទាន់បានដឹកចេញ ដោយសារតែការកកស្ទះបណ្ដាលមកពីវិបត្តិកូវីដ-១៩ ដែលប្រទេសវៀតណាមមានការបិទច្រកព្រំដែនមួយចំនួន។

បញ្ជាក់ថា ទំនិញពីកម្ពុជាដែលដឹកជញ្ជូន ទៅប្រទេសចិនតាមច្រកវៀតណាម មានចំនួនតិចតួចប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះ កម្ពុជាបញ្ចៀសមកដឹកញ្ជូនតាមផ្លូវទឹក តាមកំពង់ផែខេត្តព្រះហនុវិញ។

ឧកញ៉ា ស៊ិន ចន្ធី បញ្ជាក់ទៀតថា ការដឹកជញ្ជូនទំនិញពីកម្ពុជា ទៅប្រទេសចិនតាមផ្លូវគោកឆ្លងកាត់ ប្រទេសវៀតណាម ដ្បិតអីមានការកកស្ទះដោយសារបញ្ហាបិទខ្ទប់ ដើម្បីកាត់ផ្ដាច់ពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ការពិតមែន, ប៉ុន្តែការដឹកជញ្ជូនទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសចិនតាមផ្លូវទឹក គ្មានបញ្ហារាំងស្ទះអ្វីនោះទេ ដោយសារកម្ពុជាបានរៀបចំឯកសារ តាមតម្រូវការរបស់អ្នកបញ្ជាទិញ និងបែបបទឆ្លងកាត់ត្រឹមត្រូវ។

លោកឧកញ៉ា ប្រធានសមាគមភស្តុភារកម្មកម្ពុជា រូបនេះ ពន្យល់ថា ការដឹកទំនិញតាមផ្លូវទឹក ទៅកាន់ប្រទេសចិន អត់មានបញ្ហាកកស្ទះអីទេ ប៉ុន្តែមានទំនិញខ្លះ ដែលព្យាយាមចេញតាមកំពង់ផែកំពង់សោម ក៏នៅតែលំបាកខ្លះៗ ជាពិសេស ទំនិញកសិកម្មកម្ពុជា នៅប៉ែកខាងជើងនៃប្រទេស ដល់ពេលយើងដឹកតាមផ្លូវគោកមកដល់កំពង់ផែ គឺវាឆ្ងាយ ដល់ទៅ ៤០០ ទៅ ៥០០គីឡូម៉ែត្រ វាលំបាកដែរ ចំណាយថ្លៃដើមច្រើន , ហេតុដូច្នេះ យើងនៅតែចង់ប្រើការឆ្លងកាត់ប្រទេសវៀតណាមនោះដដែល វាមានចម្ងាយផ្លូវជិត ចំណាយថ្លៃដើមមិនសូវច្រើន។ ប៉ុន្តែឥឡូវនេះ ជាជម្រើសរបស់យើង គឺយើងប្រើប្រាស់កំពង់ផែក្រុងព្រះសីនុរបស់យើង ដើម្បីចៀសវាងការកកស្ទះតាមព្រំដែនគោកនៃន្រទេសចិន និងវៀតណាម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×