ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (កយកា) បានផ្តល់ជំនួយជារថយន្តសង្គ្រោះបន្ទាន់ចំនួន១០គ្រឿង និងឧបករណ៍តេស្តរហ័សកូវីដ១៩ ចំនួន៣៣៣៣ប្រអប់ ដែលអាចធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន៨៣៣២៥ដង ទៅដល់ក្រសួងសុខាភិបាល។
ពិធីប្រគល់ ទទួលនេះធ្វើឡើងនៅឃ្លាំងឧសថនៃក្រសួងសុខាភិបាល នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ដោយមានការចូលរួមពីលោក ហ្យន់ជូន នោ (Hyunjun RHO) នាយកទីភ្នាក់ងារកយការប្រចាំប្រទេសកម្ពុជា រួមជាមួយនឹងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល។
មន្ទីរសុខាភិបាលនីមួយៗនៃខេត្តរតនគិរី និង មណ្ឌលគិរីនឹងទទួលបានរថយន្តសង្គ្រោះបន្ទាន់ចំនួន៣គ្រឿង និងឧបករណ៍តេស្តរហ័សកូវីដ១៩ចំនួន១០០០ប្រអប់ ដែលអាចរកមេរោគកូវីដបាន២៥០០តេស្ត ហើយរថយន្តសង្គ្រោះបន្ទាន់ និងឧបករណ៍តេស្តរហ័សកូវីដ១៩ ដែលនៅសល់ នឹងផ្តល់ជូនក្រសួងសុខាភិបាល សម្រាប់ប្រើប្រាស់តាមការចាំបាច់។ ជំនួយទាំងនេះត្រូវបានផ្តល់ជូន តាមរយៈគម្រោងពង្រឹងសុខភាពមាតា និងទារក នៅភាគឥសាននៃប្រទេសកម្ពុជា។

ការផ្តល់ជូនរថយន្តសង្គ្រោះបន្ទាន់ និង ឧបករណ៍តេស្តរហ័សកូវីដ១៩នេះ និងជួយឲ្យក្រសួងសុខាភិបាល ក៏ដូចជាមូលដ្ឋានសុខាភិបាល នៅតំបន់ដាច់ស្រយ៉ាល ដើម្បីបង្កើនលទ្ធភាពក្នុងការផ្ថល់សេវាសុខាភិបាល ដល់ក្រុមងាយរងគ្រោះជាពិសេសស្ត្រី និងទារក។ រថយន្តសង្គ្រោះបន្ទាន់នឹងត្រូវបានប្រើប្រាស់ ដើម្បីបង្កើនការផ្តល់សេវ៉ាឲ្យបានគ្រប់ជ្រុងជ្រោយក្នុងការជួយ សង្គ្រោះជីវិតម្ថាយ ទារក និងកុមារ ក៏ដូចជាដើម្បីបង្កើនប្រសិទ្ធិភាពការងារ របស់អ្នកវិជ្ជាជីវ:សុខាភិបាលនៅក្នុងមូលដ្ឋានសុខា ភិបាលផងដែរ។ ជាបន្ថែមទៀត រថយន្តសង្គ្រោះបន្ទាន់នេះ នឹងជួយពង្រឹងប្រព័ន្ធសុខាភិបាល ក្នុងការផ្តល់សេវាកម្មឲ្យមានគុណភាពខ្ពស់ និងពង្រឹងសហគមន៏ក្នុងការប្រើប្រាស់សេវាសុខាភិបាល ឲ្យបានសមស្រប។ ម្យ៉ាងទៀត ឧបករណ៍តេស្តរហ័សកូវីដ១៩ នឹងដើរតួយ៉ាងសំខាន់នៅក្នុងយុត្តិសាស្រ្តប្រយុត្តិប្រឆំាង ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសតាមបណ្ថាខេត្តព្រំដែនដូចជាខេត្តរតនគិរី និង មណ្ឌលគិរី។ ការធ្វើតេស្តជាការឆ្លើយតបយ៉ាងរហ័យចំពោះការរីករាលត្បាត ហើយការផ្តល់ឧបករណ៏តេស្តរហ័ស ជាមធ្យោបាយមួយក្នុងការជួយកម្ពុជា ដើម្បីប្រយុត្តិប្រឆាំងជំងឺកូវីដ១៩។
គម្រោងពង្រឹងសុខភាពមាតានិងទារកនៅភាគឦសាន នៃប្រទេសកម្ពុជាមានរយៈពេល៤ឆ្នាំ (២០១៩-២០២៣) ដែលត្រូវបានអនុវត្តក្រោមជំនួយឥតសំណង របស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារកយការ ក្នុងថវិការប្រមាណជា៧លានដុល្លាសហរដ្ឋអាមេរិច។ គម្រោងនេះត្រូវបានអនុវត្តក្នុងខេត្តរតនគិរី និង មណ្ឌលគីរីដែលមានគោលបំណងដើម្បីធ្វើឲ្យប្រសើរឡើង នូវសុខភាពមាតានិងទារកតាមរយៈការធ្វើឲ្យល្អប្រសើរនូវគុណភាព និងការទទួលសេវាសុខភាពមាតានិងទារក។ គម្រោងនេះមាន៤ផ្នែកសំខាន់ៗរួមមាន១) ការកសាងសមត្តិភាពចំពោះបុគ្គលិកសុខាភិបាល ២)ការធ្វើឲ្យល្អប្រសើរឡើងនូវមូលដ្ឋានសុខាភិបាល ៣) ពង្រឹងសេវាផ្សព្វផ្សាយសម្រាប់តំបន់ដាច់ស្រយ៉ាល ៤) លើកកំពស់ចំណេះដឹងសហគមន៏ ។កន្លងមក គម្រោងនេះបានផ្តល់ជំនួយជាមធ្យោបាយធ្វើដំណើរមួយចំនួនដូចជាកាណូត ម៉ូតូ ទៅដល់មណ្ឌល់សុខភាព និងទៅដល់សហគមន៍ងាយរងគ្រោះ។ ជាបន្ថែមទៀត ទីភ្នាក់ងាកយការនឹងប្រារព្ធពិធីបញ្ចុះបឋមសិលាសម្រាប់ការសាងសង់មណ្ឌល់សុខភាព និងអគារសុខភាពមាតានិងទារកក្នុងខេត្តរតនគិរី និង មណ្ឌលគិរីនៅសប្ថាហ៍ក្រោយនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ហើយការផ្តល់រថយន្តសង្គ្រោះបន្ទាន់បន្ថែមទៀត ក៏មាននៅក្នុងផែនការរំកិល របស់ទីភ្នាក់ងារកយការផងដែរ។
វិស័យសុខាភិបាលជាសរសរស្ថម្ភមួយក្នុងយុត្តិសាស្រ្តភាពជាដៃគូរ របស់ទីភ្នាក់ងារកយកា។ ក្រៅពីគម្រោងដែលបានរៀបរាប់ខាងលើ ទីភ្នាក់ងារកយការក៍បានអនុវត្តន៍ គម្រោងសុខាភិបាលសំខាន់ៗមួយចំនួនរួមមាន “គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT) នៅមន្ទីរពេទ្យព្រះអង្គឌួង”គម្រោងពង្រឹងគុណភាព និងលើកកម្ពស់សមធម៌សេវាសុខាភិបាល (H-EQIP) គម្រោងពង្រឹងសមត្តិភាពមន្ទីរពេទ្យកុមារជាតិ។ ម្យ៉ាងទៀត ចំពោះការប្រយុត្តិប្រឆាំងជំងឺកូវីដ១៩ ទីភ្នាក់ងារកយការបានអនុវត្តកម្មវិធីរបៀបវីរៈ ដើម្បីកសាងភាពល្អប្រសើរក្នុងការប្រឆាំងកូវីដ១៩ តាមរយៈកិច្ចសហប្រតិបត្តការអភិវឌ្ឍន៍ តាមរយៈការផ្តល់សម្ភារចំបាច់មួយចំនួនដូចជា ទូយកសំណាកមេរោគកូវីដ១៩ គ្រែសែងអ្នកជំងឺកូវីដ១៩ ឧបករណ៍តេស្តរហ័សកូវីដ១៩ ឧបករណ៏ការពារផ្ទាល់ខ្លួន (PPE) និងម៉ាស ជាដើម៕ រក្សាសិទ្ធិដោយ ៖ សុភក្ត្រា

