ភ្នំពេញ ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឲ្យដឹងថា កាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២២ម្សិលមិញ ឯកអគ្គរាជទូត Pablo Kang និងឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ឯកឧត្តម Will Nankervis បានចូលរួមជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។ លោកជំទាវ អ៊ាត សោភា ឯកឧត្តម គង់ ភោគ ឯកឧត្តម ឡាយ សំកុល និង លោកជំទាវ ទួត បញ្ញា ក៏មានវត្តមានក្នុងកម្មវិធីនេះផងដែរ។

ឯកឧត្តម ឯកអគ្គរាជទូត Pablo Kang បានមានប្រសាសន៍ថា “ក្នុងរយៈពេល ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរបស់យើង អូស្ត្រាលី និងកម្ពុជាបានសហការលើវិស័យជាច្រើន រួមទាំង វិស័យកសិកម្ម បរិយាបន្នជនមានពិការភាព ការអប់រំ និងថ្មីៗនេះ ការឆ្លើយតប និងការស្តារឡើងវិញពីជំងឺកូវីដ-១៩។ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដ៏រឹងមាំ និងរស់រវើករបស់យើង គូសបញ្ជាក់រាល់ការងារទាំងអស់នេះ ។ ឆ្នាំនេះនឹងផ្តល់ឱ្យយើងនូវឱកាស ដើម្បីបន្តពង្រឹងទំនាក់ទំនងរបស់យើង និងផ្តល់ការគាំទ្រពី អូស្ត្រាលីដល់កម្ពុជា ក្នុងអំឡុងពេលដែលកម្ពុជា ជាប្រធានអាស៊ាន»។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តម ប្រាក់ សុខុន បានប្រកាសអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-អូស្ត្រាលី។
សូមឲ្យប្រទេសយើងទាំងពីរ បន្តរីកចម្រើន និងមានវិបុលភាព។ សូមប្រជាជនយើង ទទួលបានពរជ័យគ្រប់ប្រការ និងរស់នៅប្រកបដោយភាពសុខដុមរមនា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





