Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ីអះអាង ៖ ប៉ូឡូញព្រមានពីហានិភ័យ នៃសង្រ្គាម ធ្វើឲ្យការចរចារឿងអ៊ុយក្រែ មិនជោគជ័យ

spot_img

បរទេស ៖ មន្រ្ដីក្រុងមូស្គូ បានអះអាងថា ការចរចាដោះស្រាយបញ្ហាតានតឹង រវាងរុស្ស៊ី និង អ៊ុយក្រែន ជាមួយនឹងសហរដ្ឋអាមេរិក និង អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ «ណាតូ» ត្រូវបានជាប់គាំង ដោយសារតែប្រទេសប៉ូឡូញ បានប្រមានពីហានិភ័យ នៃការផ្ទុះឡើងសង្គ្រាម នាពេលខាងមុខ។

បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រស៍ (Reuters) បានចេញផ្សាយ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ថា រដ្ឋមន្រ្ដីក្រសួងការបរទេសប៉ូឡូញ បានបញ្ជាក់ កាលពីថ្ងៃទី១៣ ខែមករា ថា អឺរ៉ុប ខិតចូលកាន់តែជិត នៃហានិភ័យ ធ្លាក់ចូលទៅក្នុងសង្រ្គាម ខណៈរុស្ស៊ីបាននិយាយថា ខ្លួនមិនទាន់បោះបង់ការទូត។ ប៉ុន្តែអ្នកជំនាញយោធាកំពុងរៀបចំជម្រើស ក្នុងករណីមានភាពតានតឹងទៅលើអ៊ុយក្រែន ដោយមិនអាចប្រកែកបាន។

លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ថា រហូតមកដល់ពេលនេះ ការពិភាក្សាចំនួនពីរជុំ ទាំងនៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស និង ទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក បានបង្កើត «ភាពវិជ្ជមាន» មួយចំនួន ប៉ុន្តែថា ទីក្រុងម៉ូស្គូកំពុងស្វែងរកលទ្ធផល ជាក់ស្តែងបន្ថែមទៀត។

រុស្ស៊ីបានរៀបរាប់ អំពីកិច្ចពិភាក្សា ស្ដីពីសន្តិសុខរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងអង្គការណាតូ នៅក្នុងសប្តាហ៍នេះ ថា «ការចរចាមិនទទួលបានជោគជ័យ» នេះ ក៏ដោយសារតែមានការខ្វែងគំនិតគ្នា ជាបន្តបន្ទាប់ លើបញ្ហាជាមូលដ្ឋាន។ ចំណែកកិច្ចពិភាក្សាដែលបានផ្លាស់ប្តូរទៅទីក្រុងវីយែន (Vienna) ប្រទេសអូទ្រីស កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា សម្រាប់កិច្ចប្រជុំរបស់អង្គការសន្តិសុខ និង កិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (ហៅកាត់ OSCE) គឺផ្តោតលើការទាមទារសន្តិសុខរបស់រុស្ស៊ី ពីមហាអំណាចលោកខាងលិច និងការបង្កើនកងទ័ព នៅជិតព្រំដែនអ៊ុយក្រែន។

ដោយឡែក ការដាក់ពង្រាយកងទ័ពរបស់រុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែន ធ្វើឱ្យរដ្ឋាភិបាលទីក្រុងគៀវ (Kyiv) និង សម្ព័ន្ធមិត្ត មានការភ័យខ្លាច ពីការវាយលុកចូលឈ្លានពានរបស់រុស្ស៊ី ទើបជំរុញឱ្យរដ្ឋាភិបាលទីក្រុងមូស្គូ ត្រូវតែដកកងកម្លាំងទាំងនោះចេញ។ ជាមួយគ្នានេះ មហាអំណាចលោកខាងលិច ក៏បានព្រមាន អំពីការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងមូស្គូ ចាប់ផ្តើមប្រើប្រាស់កម្លាំងយោធាវាយលុកលុយចូល ក្នុងប្រទេសអ៊ុយក្រែន។

បើទោះជាមានការចោទប្រកាន់ ពីមហាអំណាច លោកខាងលិចបែបនេះក្ដី តែរុស្ស៊ី បានអះអាងជាដដែលថា រដ្ឋាភិបាលទីក្រុងមូស្គូ មិនមានគម្រោង ចូលឈ្លានពានប្រទេសអ៊ុយក្រែន នោះឡើយ។ ការព្រួយបារម្ភនេះ ក៏ដោយសារតែរុស្ស៊ី ធា្លប់ប្រើប្រាស់កម្លាំងយោធា រឹបអូសយកឧបទ្វីបគ្រីមៀ (Crimea) ដាក់បញ្ចូលទៅក្នុងដែនដីរបស់ខ្លួន នៅក្នុងអំឡុងឆ្នាំ២០១៤រួចមកហើយ។

មន្រ្ដីរបស់រុស្ស៊ី បានសង្កត់ធ្ងន់ថា ពួកគេអាចដាក់ពង្រាយកងកម្លាំងរបស់ខ្លួន នៅលើដែនដីរបស់រុស្ស៊ី ជាជម្រើសរបស់ពួកគេ ហើយរុស្ស៊ីបានស្ដីបន្ទោសអង្គការណាតូ ចំពោះការធ្វើឱ្យមានអស្ថិរភាព នៅក្នុងតំបន់។ ចំណែកចំណុចសំខាន់ នៃការទាមទារសន្តិសុខរបស់វិមានក្រឹមឡាំង ពីមហាអំណាចលោកខាងលិច រួមមាន ការសន្យាស្របច្បាប់ ដែល NATO នឹងមិនអនុញ្ញាតឱ្យ អ៊ុយក្រែន ជារដ្ឋរបស់អតីតសហសូវៀត ចូលជាសមាជិករបស់ខ្លួន ហើយថា អង្គការនេះ នឹងត្រូវតែដកកងទ័ពត្រឡប់ទៅវិញ ចេញពីអតីតរដ្ឋកុម្មុយនិស្ត នៅអឺរ៉ុបកណ្តាល និងខាងកើត ដែលបានចូលរួមជាសម្ព័ន្ធភាព បន្ទាប់ពីត្រជាក់សង្គ្រាម៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×