Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុងហ្កាសុំជំនួយបន្ទាន់ ក្រោយផ្ទុះភ្នំភ្លើង បង្កឲ្យជារលកស៊ូណាមិ

រាជធានី Nukuʻalofa ៖ ក្រោយពេលមានបន្ទុះភ្លំភ្លើង បង្កឲ្យកើតជារលកស៊ូណាមិ នោះមក មន្រ្ដីរដ្ឋាភិបាលតុងហ្គា បានអំពាវនាវឲ្យមានជំនួយជាបន្ទាន់ដល់ប្រទេសដ៏តូច នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងមួយនេះ ហើយអូស្ត្រាលី និងនូវែលសេឡង់ដ៍ បានបញ្ជូនយន្ដហោះស៊ើបការណ៍របស់ខ្លួន ឱ្យទៅជួយវាយតម្លៃ អំពីទំហំខូចខាត នៅលើប្រទេសដីកោះនេះ។

បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រស៍ (Reuters) បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ថា ប្រទេសតុងហ្កា (Tonga) បានរងការវាយប្រហារ ដោយរលកយក្សស៊ូណាមិ បង្កឡើង ដោយការផ្ទុះភ្នំភ្លើង នៅក្រោមបាតសមុទ្រ។

ជាមួយនឹងការអំពាវនាវសុំជំនួយជាបន្ទាន់នេះ លោក Scott Morrison នាយករដ្ឋមន្រ្ដីអូស្រ្ដាលី បានសន្យាផ្ដល់ជំនួយ និងការគាំទ្រនានាដល់ប្រទេសតុងហ្កា ឱ្យបានលឿនបំផុត តាមតែអាចធ្វើទៅបាន។ លោកនាយករដ្ឋមន្រ្ដី បានទទួលស្គាល់ថា កម្ទេចផេះភ្នំភ្លើងនេះ កំពុងតែបង្កការរំខានដល់ប្រតិបត្តិការផ្ដល់ជំនួយផងដែរ។

លោក Morrison បានបញ្ជាក់ប្រាប់ ស្ថានីយវិទ្យុ 2GB កាលពីព្រឹក ថ្ងៃចន្ទ ទី១៧ ខែមករា ថា «ករណីនេះកំពុងតែប្រឈមនឹងបញ្ហាជាច្រើន ដោយសារកម្ទេចផេះភ្នំភ្លើង កំពុងបង្កការរំខានដល់ទំនាក់ទំនង និងការងាររបស់យើង។ ប៉ុន្ដែទោះជាយ៉ាងណា យើងនឹងធ្វើការងារជាមួយគ្នា ដើម្បីផ្ដល់ជំនួយដល់ប្រទេសតុងហ្កា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

សូមជម្រាបថា តុងហ្កា ជាប្រទេសតូចមួយ ស្ថិតនៅលើប្រជុំកោះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ដោយមានផ្ទៃដីទំហំ ៧៤៨គីឡូម៉ែត្រការ៉េ និងមាន ពលរដ្ឋ ជាង១០០ ០០០នាក់រស់នៅ។ ប្រទេសតុងហ្កា ប្រកាន់យករបបរាជានិយម ដោយមានព្រះមហាក្សត្រ Tupou ទី៧ (Tupou VI) ជាស្ដេចគ្រងរាជ្យ៕ រក្សាសិទ្ធិដោយ ៖​ សារាយSN

×