Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ រំពឹងថា នឹងប្រមូលលុយ ប្រហែលជាង៧០ពាន់លានដុល្លារ ពីវិស័យទេសចរណ៍

រាជធានីបាងកក ៖ ថ្វីបើបច្ចុប្បន្ន នៅទូទាំងពិភពលោក កំពុងតែប្រឈមមុខនឹងរលកកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុងក្ដី តែថៃ បានដាក់ចេញនូវផែនការថ្មី សម្រាប់កើបលុយ ពីវិស័យទេសចរណ៍ រហូតដល់ប្រហែលជាជាង៧០ពាន់លានដុល្លារសហរដ្ឋអាមេរិក។

បើតាមសារព័ត៌មាន Prestige បានផ្សាយថា អ្នកនាំពាក្យ នៃរាជរដ្ឋាភិបាលថៃ បានអះអាងថា រដ្ឋាភិបាលថៃ គ្រោងនឹងយកលុយថ្លៃចូលមកកាន់ទឹកដីរបស់ខ្លួន ចំនួន៣០០បាត (លុយថៃ) ឬស្មើនឹងជាង៩ដុល្លារ អាមេរិក ពីភ្ញៀវទេសចរបរទេស ក្រោមគម្រោងជំរុញវិស័យទេសចរណ៍ មួយ ហៅថា «Amazing Thailand New Chapter»។

លោក Thanakorn Wangboonkongchana អ្នកនាំពាក្យ រដ្ឋាភិបាលថៃ បានបញ្ជាក់ថា ក្រសួងទេសចរណ៍ និង កីឡា ហើយអាជ្ញាធរទេសចរណ៍ថៃ (ហៅកាត់ TAT) នឹងចូលរួមផ្សព្វផ្សាយ ពីវិស័យទេសចរណ៍ ចាប់ផ្ដើមពីខែមករា ឆ្នាំ២០២២។ គម្រោងនេះ នឹងផ្ដោតយ៉ាងខ្លាំងទៅលើគម្រោងសេដ្ឋកិច្ចថ្មីរបស់ប្រទេសថៃ ដោយបញ្ចូលនូវគោលគំនិត នៃជីវសេដ្ឋកិច្ច សេដ្ឋកិច្ចវិលជុំ និង សេដ្ឋកិច្ចបៃតង ដើម្បីរួមចំណែកដល់វិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព និងលើកកម្ពស់ប្រាក់ចំណូល ពីវិស័យទេសចរណ៍ ទៅដល់សហគមន៍មូលដ្ឋាន។

អាជ្ញាធរថៃ នឹងចាប់ផ្ដើមប្រមូលលុយ «ថ្លៃចូលទឹកដីថៃ ក្នុងម្នាក់៣០០បាត» ពីអ្នកទេសចរបរទេស នៅក្នុងអំឡុងត្រីមាសទី២ នៃឆ្នាំ២០២២ (ពីខែមេសា-មិថុនា)។ ចំណែកប្រាក់ចំណូលទាំងនោះ នឹងប្រើប្រាស់ សម្រាប់ការគ្រប់គ្រងវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍ ក៏ដូចជា ការធានារាប់រង សម្រាប់អ្នកទេសចរ ដែលកំពុងធ្វើដំណើរកម្សាន្ដ នៅក្នុងប្រទេសថៃ។

ក្រសួងទេសចរណ៍ និង កីឡារបស់ប្រទេសថៃ បានអះអាងថា នៅក្នុងឆ្នាំ២០២២ ថៃនឹងទទួលបាននូវប្រាក់ចំណួល ពីវិស័យទេសចរណ៍ ចន្លោះពី១,៣ពាន់ពាន់លានបាតឬស្មើនឹងជាង៣៩,១៥ពាន់លានដុល្លារ ទៅ១,៨ពាន់ពាន់លានបាត ឬស្មើនឹងជាង៥៤,២២ពាន់លានដុល្លារ ។ ថ្វីបើបច្ចុប្បន្ន កំពុងតែប្រឈមមុខនឹងរលកអូមីក្រុង នៅទូទាំងពិភពលោកក្ដី តែថៃនៅតែរំពឹងថា ភ្ញៀវបរទេស ប្រមាណ ចន្លោះពី៥-១៥លាននាក់ នឹងធ្វើដំណើរមកកាន់ប្រទេសថៃ ដោយបង្កើតបានប្រាក់ចំណួល ប្រហែល ៨០០ពាន់លានបាត ឬស្មើនឹងជាង២៤ពាន់លានដុល្លារ។

ក្រសួងទេសចរណ៍ និង កីឡារបស់ប្រទេសថៃ បានបន្ថែមថា នៅពេលនេះ រដ្ឋាភិបាលថៃ នឹងបង្កើតគម្រោងថ្មី ដើម្បីជំរុញវិស័យទេសចរណ៍ សម្រាប់លើកទឹកចិត្តប្រជាពលរដ្ឋថៃ ដើម្បីឱ្យធ្វើដំណើរកម្សាន្ដ នៅក្នុងប្រទេស។ ចំណែកវិស័យទេសចរណ៍ក្នុងស្រុក នៅក្នុងឆ្នាំ២០២២ ក៏រំពឹងនឹងមានពលរដ្ឋ ដើរកម្សាន្ដ កើនដល់១៦០លាននាក់ ហើយបង្កើតប្រាក់ចំណូលបាន រហូតដល់៧០០ពាន់លានបាត ឬស្មើនឹងជាង២១ពាន់លានដុល្លារសហរដ្ឋអាមេរិក៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×