បរទេស ៖ ស្របពេល នៅលើពិភពលោក មានករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ កើនឡើង ចន្លោះពី១,៩លាននាក់ ដល់ជាង៣លានានាក់ ក្នុងរយៈពេល២៤ម៉ោងនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានជំរុញឲ្យពិភពលោក ត្រូវតែទទួលការចាក់វ៉ាក់សាំងទាំងអស់គ្នា ទើបអាចបិទបញ្ចប់ការឆ្លងកូវីដ-១៩។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ថា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ រៀបចំឡើង នៅទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ ថា «ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ យើងទុកមនុស្សទាំងអស់គ្នាចោល។ ដូច្នេះប្រសិនបើ យើងបរាជ័យ នៅក្នុងការចាក់វ៉ាក់សាំងបង្ការ ជូនដល់មនុស្សទាំងអស់គ្នា យើងនឹងផ្ដល់ឱកាស ឱ្យមានមេរោគបំប្លែងថ្មី បានកើតឡើងជាបន្តបន្ទាប់។ ករណីនេះ នឹងធ្វើឲ្យជីវិត និង សេដ្ឋកិច្ចរបស់យើង ប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងឡើង»។

កាលពីពេលកន្លងមកនេះ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានជំរុញឱ្យបណ្ដាប្រទេសទាំងអស់ ចាក់វ៉ាក់សាំងបង្ការឱ្យ បានយ៉ាងហោចណាស់ ៤០ភាគរយ នៃប្រជាជនរបស់ខ្លួន នៅចុងឆ្នាំ២០២១ និង៧០ភាគរយ នៅត្រឹមពាក់កណ្ដាលឆ្នាំ២០២២នេះ។ បើគិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅលើពិភពលោក មានអ្នកឆ្លងសរុប ជាង៣៣១,៤១លាននាក់ ហើយក្នុងនោះ មានអ្នកស្លា.ប់ ជាង៥,៥៦លាននាក់ និង មានអ្នកជាសះស្បើយ ជាង២៦៩លាននាក់។ ដោយឡែកអ្នកជំងឺជាង៥៦,៧៩លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៩៦ ១៤៦នាក់៕រក្សាសិទ្ធិដោយ ៖ សារាយSN











