Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចក្រអង់គ្លេស សម្រេចបញ្ជូនមីស៊ីលប្រឆាំងរថក្រោះ ទៅជួយប្រទេសអ៊ុយក្រែន

បរទេស ៖ ស្របពេលកាណាដា បានបញ្ជូនកម្លាំងពិសេសទៅជួយដល់ប្រទេសអ៊ុយក្រែ ត្រៀមទប់ទល់ប្រឆាំងនឹងការឈ្លានពានពីរុស្ស៊ី នោះ ចក្រភពអង់គ្លេស ក៏បានសម្រេចបានបញ្ជូនមីស៊ីលប្រឆាំងនឹងរថក្រោះ ទៅជួយដល់ប្រទេសជារដ្ឋរបស់អតីតសហភាពសូវៀត នេះផងដែរ។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ ថា ដោយសារតែមានការព្រួយបារម្ភពីការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន នោះ កាណាដា ក៏បានសម្រេចបញ្ជូនទ័ពពិសេសរបស់ខ្លួន ទៅកាន់ប្រទេសជាអតតីរដ្ឋរបស់សហភាពសូវៀត ហើយអង់គ្លេស ក៏បានបញ្ជូនមីស៊ីលប្រឆាំងនឹងរថក្រោះទៅជួយ សម្រាប់ទប់ទល់នឹងការឈ្លានពានណាមួយអាចនឹងកើតឡើង។

លោក ប៊ែន វ៉ាល់លេស (Ben Wallace) រដ្ឋមន្រ្តីការពារជាតិអង់គ្លេស បានប្រកាសពីដំណឹង នៃការផ្គត់ផ្គង់សព្វាវុធដល់ប្រទេសអ៊ុយក្រែន នេះ ក៏បានដាក់ជូនដល់រដ្ឋសភាអង់គ្លេស ហើយគ្រឿងសឹកទាំងនោះ នឹងទៅដល់អ៊ុយក្រែនជាបណ្តើរៗហើយ។ ប៉ុន្ដែរហូតមកដល់ពេលនេះ កងទ័ពអង់គ្លេសមួយចំនួនតូច ក៏នឹងត្រូវទៅជួយហ្វឹកហ្វឺន ដល់កងទ័ពអ៊ុយក្រែន ដែរ។

អង់គ្លេស ធ្លាប់ព្រមានដល់រុស្ស៉ី អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើទីក្រុងមូស្គូ ហ៊ានប្រើប្រាស់កងទ័ព វាយលុកលុយចូលលើទឹកដីរបស់អ៊ុយក្រែន។ ក្រៅពីនេះ អង់គ្លេស ក៏បានផ្តល់ហិរញ្ញវត្ថុ ដើម្បីជួយពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់អ៊ុយក្រែន ថែមទៀតផង។

ស្ថានការណ៍រវាងរុស្ស៊ី និង អ៊ុយក្រែន កាន់តែមានភាពតានតឹងកាន់តែខ្លាំងឡើង ហើយកំពុងតែធ្វើឲ្យមហាអំណាចលោកខាងលិច ព្រួយបារម្ភ ក្រោយពេលរុស្ស៊ីបានបញ្ជូនកងទ័ព ជាង១០០ ០០០នាក់ ទៅដាក់ពង្រាយ នៅតាមព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែន។ សកម្មភាពរបស់រុស្ស៊ី ធ្វើឲ្យលោកខាងលិច គិតថា នេះជាចេតនាចូលឈ្លានពានមកប្រទេសអ៊ុយក្រែន ដូចអ្វីដែលក្រុងមូស្គូ បានលើកទ័ព ចូលទៅរឹបអូសឧបទ្វីបគ្រីមៀរ កាលពីពេលកន្លងមកដែរ។

ដោយឡែក ទីក្រុងម៉ូស្គូនៅតែច្រានចោល ចំពោះផែនការវាយប្រហារលើអ៊ុយក្រែន។ រុស្ស៊ីបានអះអាង ថា ខ្លួនអាចធ្វើសកម្មភាពយោធា ក្នុងកម្រិតណាមួយ លុះត្រាតែលោកខាងលិច យល់ព្រម ចំពោះការទាមទារមួយចំនួនរបស់ខ្លួន រួមទាំង មានការហាម អ៊ុយក្រែន ចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×