រដ្ឋធានីហាណូយ ៖ ថ្វីបើប្រឈមនឹងវិបត្ដិសុខភាពជាសកល បង្កឡើងដោយកូវីដ-១៩ កំពុងតែរាតត្បាត នៅទូទាំងពិភពលោកក្ដី ប៉ុន្ដែវៀតណាម នៅតែរំពឹងទុកថា នៅក្នុងឆ្នាំ២០២២នេះ ការនាំចេញឈើ និង គ្រឿងសង្ហារិមរបស់ខ្លួន ចូលទៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក អាចនឹងរកបានប្រាក់ចំណូលបាន រហូតដល់១០ពាន់លានដុល្លារសហរដ្ឋអាមេរិក។

សារព័ត៌មានវៀតណាម VNanet បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ថា ប្រាក់ចំណូលពីការនាំចេញឈើ និង គ្រឿងសង្ហារិមរបស់វៀតណាម ទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិក ត្រូវបានព្យាករថា នឹងកើនឡើងដល់១០ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២២ តាមរយៈនិន្នាការអភិវឌ្ឍន៍ ចេញពីឆ្នាំ២០២១។
បើតាមអគ្គនាយកដ្ឋានគយវៀតណាម បានឲ្យដឹងថា ការនាំចេញផលិតផលនានា ទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិក កើនឡើងដល់២២,៤ភាគរយ មានទំហំទឹកប្រាក់ ៨,៨ពាន់លានដុល្លារអាមេរិក ហើយក្នុងចំណោមផលិតផលទាំងនោះ មាន៨៧,៦ភាគរយ ជាផលិតផលគ្រឿងសង្ហារិមធ្វើពីឈើ។
ក្រុមអ្នកជំនាញ បានអះអាងថា កំណើតផលិតផលទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិក ក៏ជាលទ្ធផល នៃការខិតខំប្រឹងប្រែង នៅក្នុងធុរកិច្ច សម្រាប់ការរក្សាផលិតកម្ម និងការគាំទ្រប្រកបដោយប្រសិទ្ធភាព ពីរដ្ឋាភិបាល ចំពេលប្រឈមនឹងការលំបាក បណ្តាលមកពីវីរុសកូវីដ-១៩ ដោយប្រកាន់យកនិន្នាការពង្រីក នឹងបន្តធ្វើ នៅឆ្នាំ២០២២។

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញ បានបញ្ជាក់ថា វិស័យនេះ នឹងនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំង ដំណោះស្រាយពាណិជ្ជកម្ម និង កង្វះខាតកុងតឺន័រ ក៏ដូចជា តម្លៃដឹកជញ្ជូនខ្ពស់។ បើគិតជាមធ្យម តម្លៃសម្រាប់កុងតឺន័រនីមួយៗ ដែលត្រូវដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក គឺត្រូវចំណាយ ចន្លោះពី ២0 000-៣0 000ដុល្លារអាមេរិក ពោលគឺកើនឡើងបួនដង ធៀបនឹងឆ្នាំមុន។
លោក Bui Huy Son ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម ប្រចាំនៅសហរដ្ឋអាមេរិក បានណែនាំឲ្យអាជីវកម្ម បន្តកែលម្អគុណភាពផលិតផល និង សមាមាត្របច្ចេកវិទ្យា នៅក្នុងផលិតរបស់វៀណាម ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ នៅសហរដ្ឋអាមេរិក ខណៈផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត លើការធានាថា ផលិតផលរបស់វៀណាម មិនប៉ះពាល់ដល់បរិស្ថាន។
ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម រូបនេះ បានសង្កត់ធ្ងន់ផងដែរ អំពីតម្រូវការ ក្នុងការបង្កើនប្រសិទ្ធភាព E-commerce (ពាណិជ្ជកម្មអេឡិចត្រូនិក) និង អនុវត្តវិធានការទប់ទល់នឹងការប្រកួតប្រជែង ដែលមិនមានលក្ខណៈល្អប្រសើរ និង វិធានការការពារពាណិជ្ជកម្ម៕ រក្សាសិទ្ធិដោយ ៖ សារាយSN















